ចិនធ្វើតេស្តជោគជ័យ «មនុស្សយន្តពន្លត់អគ្គិភ័យ» ពាក់ឈុតការពារដើរកាត់ភ្លើង ១,០០០ អង្សាសេ បាន ១០ នាទីដោយមិនរលាក

ចែករំលែក៖

(ចិន)៖ ក្រុមអ្នកស្រាវជ្រាវចិនមកពីវិទ្យាស្ថានស្រាវជ្រាវស៊ូចូវនៃវិទ្យាស្ថានបច្ចេកវិទ្យាហាប៊ីន (Harbin Institute of Technology’s Suzhou Research Institute) បានប្រកាសពីជោគជ័យនៃការធ្វើតេស្តសាកល្បងជាក់ស្តែងលើ «មនុស្សយន្តពន្លត់អគ្គិភ័យ» ជំនាន់ថ្មីរបស់ប្រទេស ដែលអាចដើរកាត់អណ្តាតភ្លើងក្តៅដល់ទៅ ១,០០០ អង្សាសេ (1,832°F) ក្នុងរយៈពេលរហូតដល់ ១០ នាទី ដោយគ្រឿងបន្លាស់ខាងក្នុងនៅដំណើរការជាធម្មតា។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្ថានីយពន្លត់អគ្គិភ័យក្នុងទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ដើម្បីត្រៀមដាក់ឱ្យប្រើប្រាស់ក្នុងបេសកកម្មសង្គ្រោះដែលមានហានិភ័យខ្ពស់ជំនួសមនុស្ស។

ចំណុចស្នូលដែលធ្វើឱ្យមនុស្សយន្តពន្លត់អគ្គិភ័យជើងបួននេះធន់នឹងកម្ដៅដ៏មហាសាល គឺឈុតការពារពិសេសដែលផលិតដោយក្រុមហ៊ុន Sichuan Longjia Aerospace Materials Technology ដោយប្រើប្រាស់វត្ថុធាតុដើមការពារកម្ដៅកម្រិតអវកាស ដែលធ្លាប់គាំទ្រការបាញ់បង្ហោះរ៉ុក្កែត Long March 5 របស់ចិនចំនួន ៣ លើករួចមកហើយ។ ឈុតការពារនេះមានកម្រាស់ត្រឹមតែ ៥ ទៅ ៦ មីលីម៉ែត្រ និងមានទម្ងន់ស្រាលពី ៤ ទៅ ៥ គីឡូក្រាម ប៉ុណ្ណោះ ដោយស្រទាប់ខាងក្រៅមានតួនាទីទប់ស្កាត់ការឆាបឆេះ រីឯស្រទាប់ខាងក្នុងជួយអ៊ីសូឡង់ ស្រូបយក និងចាំងផ្លាតកម្ដៅមិនឱ្យជ្រាបចូលខាងក្នុង។

ក្នុងពេលធ្វើតេស្តនៅកណ្តាលអណ្តាតភ្លើងដែលដុតចេញពីចំបើង និងធ្យូងស្រោចសាំង មនុស្សយន្តពន្លត់អគ្គិភ័យនេះបានដើរបត់បែនគេចឧបសគ្គ និងឈរស្ងៀមក្នុងភ្លើងរយៈពេល ១០ នាទី មុននឹងដើរចេញមកក្រៅវិញដោយសុវត្ថិភាព។ ទោះបីជាសំបកឈុតខាងក្រៅមានស្នាមខ្លោចក៏ដោយ ក៏ប្រព័ន្ធត្រួតពិនិត្យបានបង្ហាញថា សីតុណ្ហភាពអាគុយខាងក្នុងរក្សាបានត្រឹមប្រមាណ ៤៣ អង្សាសេ និងម៉ូទ័រសន្លាក់ជើងមានកម្ដៅប្រហែល ៧០ អង្សាសេ ប៉ុណ្ណោះ ដែលជាកម្រិតសុវត្ថិភាពសម្រាប់ប្រតិបត្តិការ។

លោក Guo Shuai ប្រធានក្រុមអ្នកស្រាវជ្រាវបានបង្ហើបឱ្យដឹងថា មុននឹងឈានដល់ជោគជ័យនេះ ក្រុមការងារធ្លាប់ជួបឧបសគ្គធំក្នុងការធ្វើតេស្តលើកដំបូង ដោយឈុតការពារអាចការពារតួខ្លួនមនុស្សយន្តបានល្អ ប៉ុន្តែ «ជើងកៅស៊ូទាំងបួនរបស់វាបានឆេះដូចសំបកកង់ឡាន» នៅពេលដើរចេញពីភ្លើង។ ក្រោយមក ក្រុមវិស្វករបានកែច្នៃរូបមន្តកៅស៊ូជើងទាំងបួនឡើងវិញ ដោយបញ្ចូលសារធាតុធន់នឹងអណ្តាតភ្លើង និងសារធាតុផ្លាតកម្ដៅកម្រិតខ្ពស់ ទើបអាចឱ្យមនុស្សយន្តពន្លត់អគ្គិភ័យនេះដើរកាត់ភ្លើង ១,០០០ អង្សាសេ ដោយមិនឆេះ និងមិនចម្លងកម្ដៅចូលក្នុងម៉ាស៊ីន។

បើប្រៀបធៀបទៅនឹងមនុស្សយន្តពន្លត់អគ្គិភ័យទូទៅដែលធន់នឹងកម្ដៅបានត្រឹមប្រមាណ ៣០០ អង្សាសេ មនុស្សយន្តជំនាន់ថ្មីនេះមានសមត្ថភាពខ្ពស់ជាងឆ្ងាយ ព្រមទាំងអាចឡើងជណ្តើរអគារខ្ពស់ៗរហូតដល់ ៣០ ជាន់ បានយ៉ាងស្វាហាប់។ លើសពីនេះ វាត្រូវបានបំពាក់ដោយកាមេរ៉ាពន្លឺធម្មតា កាមេរ៉ាកម្ដៅ (Infrared thermal imaging) បច្ចេកវិទ្យា AI ជំនួយការវិភាគរូបភាព និងប្រព័ន្ធឡាស៊ែរទម្លុះផ្សែង (Laser-gated imaging) រួមជាមួយប្រព័ន្ធបញ្ជូនទិន្នន័យ 5G ដែលអនុញ្ញាតឱ្យក្រុមសង្គ្រោះបញ្ជាពីចម្ងាយ និងមើលឃើញរូបភាពផ្ទាល់យ៉ាងច្បាស់ ទោះបីនៅក្នុងបរិយាកាសដែលមានផ្សែងខ្មៅងងឹតក៏ដោយ។

...

បច្ចុប្បន្ន វត្ថុធាតុដើមការពារភ្លើងនេះត្រៀមនឹងឈានចូលដល់ដំណាក់កាលផលិតទ្រង់ទ្រាយធំ (Mass production) ហើយក្រុមអ្នកស្រាវជ្រាវរំពឹងថា មនុស្សយន្តពន្លត់អគ្គិភ័យនេះនឹងអាចចូលរួមបំពេញបេសកកម្មស៊ើបអង្កេតរកប្រភពភ្លើង និងស្វែងរកជនរងគ្រោះដែលជាប់គាំងក្នុងអគារឆេះបានរហូតដល់ ៩៥% នៃករណីអគ្គិភ័យទូទៅ ព្រមទាំងអាចយកក្រណាត់ការពារភ្លើងនេះទៅផលិតជាឯកសណ្ឋានការពារសុវត្ថិភាពសម្រាប់ក្រុមមន្ត្រីពន្លត់អគ្គិភ័យនាពេលអនាគតផងដែរ៕

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print