ភ្នំពេញ ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ! ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖
ទី១. ក្នុងសប្តាហ៍នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាពីរលើកប្រឆាំងនឹងការរំលោភបំពានរបស់ថៃ មកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា តាមបណ្ដោយព្រំដែន។ លើកទី១ គឺការតវ៉ាប្រឆាំងនឹងមន្ត្រីយោធាថៃ ដែលបានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អាគារស៊ីវិលពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា និងការសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀតរបស់កងយោធាថៃ នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយសាងសង់ផ្លូវ ហើយបានដឹកជញ្ជូនសសរបេតុងទៅកាន់ទីតាំងខាងលើ។
ការតវ៉ាលើកទី២ គឺប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធថៃ ដែលបានឈូសឆាយដី និងពង្រីកផ្លូវនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ រាជរដ្ឋាភិបាលកម្ពុជាតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១/២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
សកម្មភាពឯកតោភាគីទាំងនេះក៏រំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិនោះដែរ។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ និងជាឯកតោភាគីទាំងនេះ ហើយត្រូវធ្វើយ៉ាងណាដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។
ទី២. សម័យប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សារវាងកម្ពុជានិងថៃ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ដែលបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយសម្រេចបានវឌ្ឍនភាពជាបន្តបន្ទាប់។ គណៈប្រតិភូកម្ពុជាបានពន្យល់លម្អិតអំពីជំហររបស់កម្ពុជា និងបានផ្តល់ជូនគណៈកម្មការផ្សះផ្សានូវព័ត៌មានជាក់ស្តែង និងព័ត៌មានបច្ចេកទេសពាក់ព័ន្ធដើម្បីជួយដល់គណៈកម្មការក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយប្រកបដោយសមធម៌រវាងភាគីទាំងពីរស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ក៏ដូចជាការពារផលប្រយោជន៍ជាតិកម្ពុជា។
កិច្ចប្រជុំក៏បានពិភាក្សាអំពីទិដ្ឋភាពជាក់ស្តែងនៃការចុះពិនិត្យទីតាំងពាក់ព័ន្ធរបស់គណៈកម្មការផ្សះផ្សា។ គណៈប្រតិភូកម្ពុជាបានស្វាគមន៍ដំណើរទស្សនកិច្ចតាមទីតាំងជាក់ស្តែងរបស់គណៈកម្មការផ្សះផ្សានាពេលខាងមុខ ហើយបានបញ្ជាក់អំពីការត្រៀមខ្លួនផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីធានាឱ្យដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ ដែលនឹងជួយគណៈកម្មការឱ្យយល់ដឹងកាន់តែច្បាស់អំពីភូមិសាស្ត្រពាក់ព័ន្ធ និងបរិបទជាក់ស្តែងនៃតំបន់ទាំងនោះ។ ភាគីទាំងពីរក៏បានបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយដែលមានសមាសភាពអ្នកជំនាញមកពីភាគីទាំងសងខាង និងសមាជិកនៃគណៈកម្មការដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ ក្នុងកិច្ចប្រជុំបច្ចេកទេស ក្រោមការសម្របសម្រួលរបស់គណៈកម្មការ ភាគីទាំងពីរបានឈានដល់ការយល់ដឹងរួមគ្នាលើសំណុំល័ក្ខខ័ណ្ឌកំណត់ (parameters) ដែលនឹងត្រូវយកមកអនុវត្តសម្រាប់ការកំណត់ព្រំដែនសមុទ្រ។
ទី៣.
ក៏មានកិច្ចប្រជុំក្រៅផ្លូវការថ្នាក់លេខាធិការដ្ឋាន RBC រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគ២របស់ថៃ នៅច្រកទ្វារអន្តរជាតិជាំ-សាង៉ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដែលផ្ទុយពីសេចក្តីប្រកាសរួមនេះ សំដៅឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏បានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីៗនេះ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ដោយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។
សកម្មភាពទាំងនេះសបញ្ជាក់ថា អភិក្រមស្តីពី «កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ត្រូវបានរាជរដ្ឋាភិបាលអនុវត្តយ៉ាងសកម្ម និងឥតឈប់ឈររហូតទាល់តែមានដំណោះស្រាយពិតប្រាកដមួយនាពេលអនាគត៕
ដោយ ៖ សិលា











