ខេត្តកំពង់ចាម៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ លោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យការបូមទឹកបំពេញអាងទឹក៧មីនា ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានជម្រាបជូនក្រុមការងារថា តាមរយៈភ្លៀងធ្លាក់នាពេលកន្លងមក និងកំពស់ទឹកទន្លេមេគង្គអតិបរមា មានត្រឹមតែ ១៣,៣១ ម៉ែត្រ ទឹកបានហូរចូលបំពេញអាងទឹក៧មីនា បានតែប្រមាណ ៥០ ភាគរយ ប៉ុណ្ណោះ ។ ដូចនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ការផលិតស្រូវប្រាំង នាពេលខាងមុខ លើផ្ទៃដីប្រមាណ ១.១២៨ ហិកតា នៅតំបន់ខាងលើ ក្រុមការងារមន្ទីរ បានដំឡើងម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង ដើម្បីបូមយកទឹកពីទន្លេមេគង្គ មកបំពេញបន្ថែមអាងទឹក៧មីនា នេះ ។
ការងារនេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៦ ហើយនឹងបន្តរហូតដល់ទឹកទន្លេស្រកផុត ៕