ភ្នំពេញ៖ ដើម្បីពង្រឹងសមត្ថភាពក្រុមកីឡាករបាល់ទាត់កម្ពុជាឲ្យមានភាពក្លាហានថែមមួយកម្រិតទៀតនោះមុនឈានដល់ការប្រកួតវគ្គជម្រុះ AFF SUZUKI CUPដែលខ្លួនធ្វើជាម្ចាស់ផ្ទះនោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំឲ្យមានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិផ្ទួនៗគ្នាដើម្បីទាក់ទាញអ្នកគាំទ្របន្ថែមទៀត។
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ កម្ពុជាទើបតែរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិហុងកុងក្នុងលទ្ធផល២ ទល់សូន្យក្រោមតំណក់ភ្ញៀងយ៉ាងជោកជាំផ្ទុយទៅវិញអ្នកគាំទ្រនៅតែបន្តលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាដដែល ព្រោះការចាញ់បែបនេះរបស់កម្ពុជាមិនមែន ជាលើកដំបូងនោះទេ ។ ក្តីសង្ឃឹមនៅតែ មាន ខណៈដែលថ្ងៃអាទិត្យទី៩ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមជម្រើសជាតិកម្ពុជាត្រូវបន្តជូបប្រកួតជាមួយក្រុមជម្រើសជាតិស្រីលង្កាជាលក្ខណៈមិត្តភាពអន្តរជាតិ។ យ៉ាងណាមិញក្រុមស្រីលង្កាទំនងជាបានត្រៀមខ្លួនរួចរាល់ហើយដែរ ក្នុងជំនួបប្រកួតនេះ ដោយពួកគេបានមកដល់ព្រះរាជាណា ចក្រកម្ពុជាតាំងពីថ្ងៃទី៦ខែតុលាមកម្ល៉េះហើយក៏បានដឹងពីសមត្ថភាពក្រុមជម្រើសជាតិកម្ពុជាផងដែរ ។
យោងតាមប្រភពពីមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ក្រុមស្រីលង្កា ជាក្រុមមួយមកពីតំបន់អាស៊ីភាគខាងត្បូង មានអ្នកដឹកនាំសំខាន់ៗដូចជាលោក M.M. Rameez ជាអ្នកចាត់ការទូទៅ,លោក Dudley Steinwall ជាគ្រូបង្វឹក, លោក Devasagayam Rajamani ជាជំនួយការគ្រូ បង្វឹក, លោក S.N.P.K. Silva ជាគ្រូពេទ្យ, លោក Mahinda Galagedara ជាគ្រូអ្នក ចាំទី, លោក Roshan Pradeep ជំនួយការទូទៅ ។
ប្រភពខាងលើបានឲ្យដឹងថា ក្រុមនេះមកប្រកួតមិត្តភាពអន្តរជាតិ ជាមួយកម្ពុជា គឺដើម្បីត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់ថ្មីមួយដែលរៀបចំឡើងដោយសហព័ន្ធ កីឡាបាល់ទាត់អាស៊ី (AFC) លើកដំបូង សម្រាប់ប្រទេសរបស់គេក្នុងខែវិច្ឆិកាដែលមានឈ្មោះថា “Solidarity Cup” នៅ ប្រទេសម៉ាឡេស៊ី។ ចំណែកក្រុមជម្រើសជាតិកម្ពុជាបានប្រមូលផ្ដុំតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ហ្វឹកហាត់ត្រៀមខ្លួននៅប្រទេសសិង្ហបុរី រយៈពេល១០ថ្ងៃ ។ ពេលត្រឡប់មកពីសិង្ហបុរីវិញក្រុមកម្ពុជាប្រកួតមិត្តភាពអន្តរជាតិចាញ់ក្រុមហុងកុងដោយលទ្ធផល២ទល់សូន្យនិងថ្ងៃអាទិត្យទី៩ ខែតុលានេះកម្ពុជាត្រូវទទួលជូបក្រុមជម្រើសជាតិស្រីលង្កា ក្នុងជំនួបមិត្តភាព អន្តរជាតិដដែលហើយថ្ងៃទី១៥ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ កម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះក្នុងការប្រកួតវគ្គជម្រុះឈានទៅវគ្គ៨ក្រុមដណ្តើមពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2016 ៕
ដោយ៖ សារីម