ភ្នំពេញ៖ ជាថ្មីម្តងទៀតតារាចម្រៀងខ្មែរថៃបានជួបគ្នាក្នុងព្រឹត្តិការណ៍នៃការប្រគំតន្ត្រី”ខ្មែរញញឹម”ដែលរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។ តារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូចជា អ្នកនាង ពេជ្រ សោភា លោកខាត់ ជេម កញ្ញា អ៊ីវ៉ា លោក ងួនចាន់ដេវីត ខណៈដែលកំពូលតារាសម្តែង និងចម្រៀង ប្រចាំព្រះរាជាណាចក្រថៃគឺអ្នកនាង ខេតទ្រីយ៉ាង អ៊ីងលីស(Katreeya English)ក៏បង្ហាវត្តមានកាលពីរាត្រីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦នេះដែរ។
កំពូលតារាចម្រៀងខ្មែរថៃបានធ្វើឲ្យកក្រើកជាមួយនឹងសំឡេងហ៊ោកញ្ញ្ជៀវពេញទីតាំងប្រគុំតន្រ្តីនៅតំបន់ជ្រោយចង្វា។ កម្មវិធីប្រគំតន្ត្រីមានឈ្មោះ«ខ្មែរញញឹម»គឺជាកម្មវិធីដែលរៀបចំដោយស្ថានីយ៌ទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលរៀបចំធ្វើឡើងរៀងរាល់មួយខែម្តងជាមួយនឹងព្រឹត្តិការតាំងពិព័រណ៍ផលិតផលជាច្រើនប្រភេទផងដែរ។ អ្វីដែលពិសេសកម្មវិធីនេះបានប្រមូលផ្តុំរួមគ្នានូវវត្តមានតារាចម្រៀងខ្មែរថៃជាច្រើនរូបដើម្បីបង្កើតព្រឹត្តិការណ៍នេះឲ្យកាន់តែចាប់អារម្មណ៍។
តារាចម្រៀង និងសម្តែងស្រីប្រចាំព្រះរាជាណាចក្រថៃដែលមហាជនទទួលស្គាល់យ៉ាងគគ្រឹកគ្រេងតាំងពីជាង១០ឆ្នាំមុននាងខេតទ្រីយ៉ាអ៊ីងលីសបានបង្ហាញក្បាច់រាំដ៏រស់រវើកជាមួយនឹងបទចម្រៀងដ៏ពេញនិយមរបស់នាងកាលពីពេលកន្លងមក បង្ហាញដល់អ្នកគាំទ្រនាងនៅកម្ពុជា។ តារាចម្រៀង និងសម្តែងស្រីរូបនេះបានបញ្ជាក់ថា នាងពិតជារីករាយក្នុងការបង្ហាញវត្តមានជាថ្មីនៅកម្ពុជា ខណៈដែលកន្លងមកនាងតែងតែមកច្រៀងរាំនៅកម្ពុជាជាច្រើនលើកច្រើនសារហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនខ្មែរ។ ជាថ្មីម្តងទៀតនាងនៅមានស្នាដៃសម្តែងក្នុងភាពយន្តថៃថ្មីៗទៀតដែលត្រៀមចែកចាយប្រជាជនកម្ពុជាយើងបានទស្សនានាឱកាសខាងមុខនេះ។ នាងរំពឹងថា ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះនឹងផ្តល់ស្នាមញញឹម ការសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរ ហើយនាងរំពឹងដែរថា នឹងទទួលបានឱកាសជាថ្មីនោះពេលខាងមុខ។
សម្រាប់តារាចម្រៀង ពេជ្រ សោភាវិញបានបញ្ចេញបទចម្រៀង៤បទជាប់គ្នាដែលសុទ្ធតែជាបទពេញនិយម និងញាក់កន្ត្រាក់អារម្មណ៍ជាមួយនឹងម្ចាស់បទចម្រៀង “រាំញីកែងជើង” លោកជា ដេវីត ដែលបង្កើតឲ្យមានសំឡេងទះដៃហ៊ោកញ្ជៀវពីអ្នកចូលរួមទស្សនាដ៏ច្រើនកុះករ។ ពេជ្រ សោភាបញ្ជាក់ថា នាងពិតជារីករាយដែលបានចូលរួមបង្កើតបរិយាកាសរីករាយសម្រាប់អ្នកទស្សនាដោយផ្ទាល់ និងតាមកញ្ចក់ទូរទស្សន៍។ អ្វីដែលពិសេសនាងបានបង្ហាញបទចម្រៀងនិពន្ធថ្មីទាំងអស់ និងបានជួបដោយផ្ទាល់ជាមួយនឹងតារាសម្តែងជើងចាស់របស់ព្រះរាជាណាចក្រថៃអ្នកនាង ខេតទ្រីយ៉ាង អ៊ីងលីស។ នាងរំពឹងថានឹងទទួលបានឱកាសថ្មីសម្រាប់កម្មវិធីប្រគំតន្ត្រីដ៏រំភើបនេះជាថ្មីផងដែរ៕
ដោយ៖ វឌ្ឍនា