ពលរដ្ឋស្នើឲ្យស្នងការខេត្តតាកែវបើកការស៊ើបអង្កេតលោកអធិការរងទទួលបន្ទុកផ្នែក​សណ្ដាប់ធ្នាប់និងចរាចរណ៍ស្រុកសំរោងរឿងពុក​រលួយនៅលើដងផ្លូវ

ចែករំលែក៖

ខេត្តតាកែវ៖ ពលរដ្ឋស្ទើរតែ១ខេត្ត តាកែវបាននាំគ្នារិះគន់លោកអធិការរង ផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ស្រុក សំរោងរឿងយកផ្លូវជាតិប្រព្រឹត្តអំពើពុក រលួយ និងបង្កភាពអយុត្តិធម៏ស្ទើរតែគ្រប់ ករណី ។

សេចក្ដីរាយការណ៍ពីពលរដ្ឋបានឲ្យដឹងថាលោកវង់ ង៉ែត អធិការរងទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់និងចរាចរណ៍ស្រុកសំរោងបានធ្វើការផាកពិន័យបទល្មើសចរាចរជាច្រើនករណីពីប្រជាពលរដ្ឋភាគច្រើនមិន បានចេញវិក្កយបត្រនោះទេ ។ ប្រភព ដដែលបានបន្ដឲ្យដឹងទៀតថា លោក វង់ ង៉ែតបានឃុបឃិតជាមួយក្រុមហ៊ុនដឹកដីជាច្រើនក្រុមហ៊ុនដោយអនុញ្ញាតឲ្យក្រុមហ៊ុនដឹកដីទាំងនោះបើកលើផ្លូវជាតិដោយដឹកដីពេញ ហៀរហើយមិនគ្របតង់ឡើយឆ្លងកាត់លើគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ របស់លោក ។

ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែតុលារថយន្តរបស់ក្រុមហ៊ុនដឹកដីជាច្រើនគ្រឿងបានបើកឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍របស់លោកវង់ ង៉ែត ដោយ ល្មើសច្បាប់ចរាចរណ៍តែលោកវង់ ង៉ែតមិនបានឃាត់រថយន្ដទាំងនោះផាកពិន័យទេ បែរជាឃាត់តែក្រុមប្រជាពលរដ្ឋដែល បើក បរយានយន្តល្មើសច្បាប់ចរាចរណ៍តិចតួចហើយផាកពិន័យធ្ងន់ធ្ងរធ្វើឲ្យប្រជាពលរដ្ឋផ្ទុះកំហឹងយ៉ាងខ្លាំង ។ ពលរដ្ឋឲ្យដឹងទៀត ថា ពួកគាត់ផ្ទុះកំហឹងដោយសុំឲ្យលោកវង់ ង៉ែត ឃាត់រថយន្ដដឹកដីទាំងនោះហើយក្រុមលោក វង់ ង៉ែត ក៏បានឃាត់រថយន្ដទាំងនោះក៏ស្រាប់តែបែកធ្លាយរឿងពុករលួយតាមរយៈអ្នកបើករថយន្ដទាំងនោះថាថៅកែរបស់ពួកគេបានបង់លុយរួចហើយហេតុអី្វក៏ឃាត់រថយន្ដពួកគេទៀត ។

ជុំវិញករណីខាងលើលោកវង់ ង៉ែត អធិការរងទទួលបន្ទុកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកសំរោងបានឲ្យដឹងថា លោកអត់ដឹងទេ ហើយលោកក៏មិនបានឃាត់រថយន្ត ទាំងនោះដែរ ។

ចំណែកលោកមឿង សារុន អធិការស្រុក សំរោងបានឲ្យដឹងថា លោកមិនបានដឹងរឿង លោកវង់ ង៉ែត ធ្វើបែបនេះនោះទេ ហើយបើក្រុមហ៊ុនដឹកដីខុសលក្ខណៈបច្ចេកទេស ត្រូវតែឃាត់ផាកពិន័យ បើលោកវង់ ង៉ែតមិនឃាត់រថយន្ដទាំងនោះទេគឺទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់ទៅ ។ ពលរដ្ឋ ក្នុងខេត្តតាកែវទាំងមូលស្នើសុំឲ្យលោកអ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបើកការស៊ើបអង្កេតលើលោកវង់ ង៉ែត ក្នុង ករណីនេះផង ៕

takeo-1 takeo-2 takeo-3

...

ដោយ៖ ជីសូរកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print