លោក Damien Comolliបានបង្ហើបឲ្យដឹងថាក្រុមហង្សក្រហម Liverpool បាន បញ្ចប់តំណែងរបស់គាត់ជាអគ្គនាយកបាល់ទាត់ដោយសារតែគាត់បានទិញកីឡាករខ្សែបម្រើ Jordan Henderson ។
ក្រុមហង្សក្រហមបានចំណាយលុយ១៦លានផោនទិញកីឡាករ Jordan Henderson ពីក្រុមឆ្មាខ្មៅ Sunderland ក្នុងឆ្នាំ ២០១១។ ពេលមកដល់ទឹកដី Anfield ភ្លាមកីឡាករ Jordan Henderson លេងមិន បានល្អទេ ហើយក៏មិនបានជាប់ជម្រើស ១១នាក់ដំបូងជាប្រចាំនោះដែរ ។
ប៉ុន្តែ Henderson បានខិតខំលេងរហូត ដល់កាន់តំណែងជាប្រធានក្រុមបន្តវេនពីកីឡាករSteven Gerrard ហើយថែមទាំងមានឱកាសជំនួសតំណែងរបស់កីឡាករ Wayne Rooneyក្នុងក្រុមជម្រើសជាតិ អង់គ្លេសទៀតផង ។
លោក Damien Comolli បាននិយាយ ប្រាប់សារព័ត៌មាន Talksport ថា “ពេលខ្ញុំ ត្រូវបញ្ចប់តំណែងម្ចាស់ក្លិប Liverpool បានប្រាប់ខ្ញុំថាកំហុសធំដែលខ្ញុំបានធ្វើគឺទិញ កីឡាករ Jordan Henderson ដោយ ចំណាយលុយច្រើនណាស់។ អ្នករាល់គ្នាមានមតិយោបល់រៀងៗខ្លួនខ្ញុំគិតថាតម្លៃដែលផ្តល់ដើម្បីទិញរូបគេពិតជាត្រឹមត្រូវ។ ខ្ញុំមិនដែលនិយាយជាសាធារណៈថាគាត់ជាប្រធានក្រុមនៅថ្ងៃអនាគតឡើយ។ ប៉ុន្តែពេលនេះគាត់បានក្លាយទៅជាអ្វីដែលខ្ញុំធ្លាប់គិតមែន។ ខ្ញុំយល់ឃើញថាពួកយើង ជាមួយនឹងអ្នកចាត់ការទូទៅ Kenny Dalglish ធ្វើរឿងត្រឹមត្រូវកាលពីពេលនោះ”៕
ដោយ៖ ដេវីត