ភ្នំពេញ៖ មនុស្សប្រុសស្រី៤នាក់ ដែលជាអ្នកកត់កន្ទុយលេខត្រូវកម្លាំងអាវុធហត្ថខណ្ឌទួលគោកបានចូលរួមសហការជាមួយកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងចាក់កន្ទុយលេខ(ឆ្នោតវៀតណាម) ជាលទ្ធផលឃាត់ខ្លួនមនុស្ស៤នាក់ ម្ចាស់ទីតាំងនិងអ្នកចាក់ឆ្នោតប្រុសម្នាក់ ស្រី៣នាក់បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងភ្នំពេញ ដើម្បីចាត់ការបន្ត ។
ករណីបង្រ្កាបទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ខាងលើនេះ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៨FZ ផ្លូវ៦១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ដោយធ្វើការសើុបអង្កេតអស់រយះពេលជាយូរមកហើយ ទើបកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក និងកំណត់ទីតាំងច្បាស់លាស់ហើយ រួចក៏ឆ្មក់ចុះបង្ក្រាបជាក់ស្តែងតែម្តង ជាលិទ្ធផលឃាត់ខ្លួនអ្នកកត់កន្ទុយលេខដែលជាម្ចាស់ទីតាំងរួមជាមួយអ្នកចាក់បាន៤នាក់ និង ដកហូតសម្ភារៈរួមមាន៖ ម៉ាស៊ីនគិតលេខចំនួន៦គ្រឿង, ម៉ាស៊ីន កូពី ២គ្រឿង, ទូរស័ព្ទ២គ្រឿង និង Ipad mini ១គ្រឿង (ទូរស័ព្ទទាំងនេះ គឺប្រើសម្រាប់បង្ហោះតារាងកន្ទុយលេខដែលកត់ហើយចេញក្រៅ
) , លុយ១៤១៥០០០រៀល និង៥០ដុល្លារ។
បច្ចុប្បន្នមនុស្សប្រុសស្រីទាំង៤នាក់ខាងលើនេះរួម និងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
...
ដោយ៖ ស តារា