ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡា ប្រដាល់កម្ពុជា លោក តែម ម៉ឺនបានប្រកាស ថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកដំបូងឆ្នាំ២០១៦នេះសហព័ន្ធបស់លោកបានត្រៀមមន្ត្រីអាជ្ញាកណ្តាលនិងមន្ត្រីដាក់ពិន្ទុ (ចៅក្រម) ប្រមាណ៦០នាក់ ។ លោក ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាមានប្រសាសន៍បែបនេះក្នុងពិធីសំណេះសំណាលនិងពង្រឹងស្មារតីមន្ត្រីជំនាញរបស់លោកកាលពីព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០១៦ក្នុងសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡាដើម្បីធ្វើការណែនាំមន្ត្រីទាំងនោះកុំឲ្យមានភាពលម្អៀងដែលនាំឲ្យប៉ះពាល់ដល់ផែនការឆ្ពោះទៅរកកីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោកប្រធានសហព័ន្ធរូបនេះបាន បញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះសហព័ន្ធបានជ្រើសរើសកីឡា ករកីឡាការិនីសរុប១៦១នាក់មកពី១២ រាជធានី-ខេត្ត និងក្រសួងចំនួន២ ដោយ បែងចែងជា២ប្រភេទកីឡា ក្នុងនោះប្រដាល់ សកលមានកីឡាករកីឡាការិនីចំនួន៨៤នាក់ស្មើនឹង៨ប្រភេទទម្ងន់ចាប់ពីទម្ងន់៤៨គីឡូក្រាមដល់៧១គីឡូក្រាមដោយប្រើប្រាស់មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមស្នងការ ប្រកួតមន្ត្រីវិនិច្ឆ័យសរុប៣០នាក់នៅសង្វៀនស្តាត់ចាស់និងប្រដាល់ក្បាច់គុនបុរាណខ្មែរមានកីឡាករ៧៦នាក់ចែកចេញជា៨ប្រភេទទម្ងន់ គឺចាប់ពី៤៨គីឡូក្រាមដល់៨០គីឡូក្រាមដោយប្រើប្រាស់មន្ត្រីអាជ្ញាកណ្តាលចៅក្រមស្នងការប្រកួតមន្ត្រីវិនិច្ឆ័យសរុប ៣០នាក់ ។ លោកតែម ម៉ឺន បានដាស់តឿនមន្ត្រីរបស់លោកថាក្នុងនាមជាមន្ត្រីអាជ្ញា កណ្តាល និងមន្ត្រីដាក់ពិន្ទុត្រូវមានភាព សុក្រឹតមិនលម្អៀងជៀងវាងធ្វើខូចព្រឹត្តិ ការណ៍កីឡាជាតិលើកទី១នេះ ។
គួររំលឹកថា ចំពោះមន្ត្រីអាជ្ញាកណ្តាលនិងចៅក្រមរបស់សហព័ន្ធកីឡាប្រដាល់ កម្ពុជាតែងតែធ្លាយរឿងអាស្រូវជាញឹកញយ ក្នុងសកម្មភាពកាត់សេចក្តីរបស់ពួកគេហើយជាងនេះទៅទៀត មន្ត្រីទាំងនោះហាក់មិនបានយកច្បាប់ផ្ទៃក្នុងរបស់សហព័ន្ធប្រើជាគោលនោះទេ ។ ពោលគឺភាគច្រើមាន ទំនោទៅររកម្ចាស់សង្វៀនច្រើនជាងសហព័ន្ធបើមិនធ្វើតាមអាចប្រឈមនឹងការបាតបង់ផលប្រយោជន៍ប្រចាំសប្តាហ៍របស់ពួកគេ ដូច្នោះសម្តីរបស់ប្រធានសហព័ន្ធអាចសាបជាងសម្តីអ្នកគ្រប់គ្រងសង្វៀនប្រដាល់ នីមួយៗបន្តិច ៕
ដោយ៖ សារីម












