ខេត្តកណ្ដាល៖ មហាអង្គកឋិនដ៏ធំមួយមិនធ្លាប់មាននិងបង្កើតឲ្យមានការភ្ញាក់ផ្អើល ដោយសារតែម្ចាស់អង្គកឋិនបានធ្វើរហូតដល់១២៣៤ត្រៃយ៍ ហើយប្រកាសដង្ហែទៅកាន់បណ្ដាវត្តនៅទូទាំង២៥រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។ អ្នកផ្តើមពិធីបុណ្យដ៏ធំនេះត្រូវបានគេស្គាល់ថាគឺលោកស្រីសៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍។
កម្មវិធីបុណ្យនេះត្រូវបានរៀបចំធ្វើឡើងនៅភូមិគ្រឹះ លោកស្រីឧកញ៉ា សៀង ចាន់ហេង និងសង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមព្រះវត្តមាន វត្តមានសម្តេចសង្ឃ និងពុទ្ធបរិស័ទ្ធជាច្រើនរូប។
បើតាមប្រសាសន៍លោកឧទ្ទេសាចារ្យដិបឡាវី ហៅអាចារ្យម៉ា បានឲ្យដឹងថា បុណ្យកឋិនជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀត ហែទៅទីអារាម ដែលបានកំណត់ទុក។ លោកអាចារ្យបន្តថា ចាប់តាំងពីលោកធ្វើជាអាចារ្យមក នេះជាអង្គកឋិនមិនធ្លាប់មាន ដោយសារតែលោកស្រី សៀង ចាន់ហេង បានចំណាយថវិការហូតដល់រាប់សែនដុល្លារ ធ្វើមហាអង្គកឋិនជាទ្រង់ទ្រាយធំ។ លោកអាចារ្យថា ត្រៃយ៍ទាំង១២៣៤ ដែលត្រូវបានរៀបចំនៅក្នុងមហាអង្គកឋិននេះ នឹងត្រូវបញ្ជូនទៅកាន់បណ្ដាវត្តនានានៅទូទាំងប្រទេស ដែលខេត្តខ្លះអាចបាន៦០វត្ត។ លោកអាចារ្យបន្តថា អង្គកឋិននឹងត្រូវដង្ហែទៅកាន់បណ្ដាខេត្តនីមួយៗ បន្ទាប់ពីការធ្វើបុណ្យនៅក្រុងតាខ្មៅ ត្រូវបានរួចរាល់ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ អង្គកឋិនទាននឹងត្រូវរៀបចំដង្ហែទៅកាន់វត្តចន្ទមុនីសីហៈ ស្ថិតនៅឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
សម្តេចព្រះឧត្តមបញ្ញាដួង ផង់ សមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តព្រែកប្រាំងមានថេរដីការថា ផលបុណ្យរបស់អ្នកធ្វើកឋិន ទោះគ្រហស្ថក្ដី បព្វជិតក្ដី ប្រកបដោយសទ្ធា ថ្លៃថ្លាទទួលបានអានិសង្ឃច្រើនដែលគឺទទួលបាននូវ រូបសម្រស់ស្អាត សម្បុរស្អាត ម៉ដ្ឋខៃ មានទ្រង់ទ្រាយ កម្ពស់ រាងរៅ សមសួន ជាទីស្រឡាញ់ចូលចិត្តរបស់អ្នកផងទាំងពួងងាយនឹងសម្រេចមគ្គផល និងបានជួបព្រះប្រទះធម៌ កើតក្នុងត្រូកូលខ្ពង់ខ្ពស់ក្នុងអនាគតជាតិ៕
ដោយ៖ វឌ្ឍនា


























