ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុគ្រោះចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ៗភ្លាមនៅនឹងកន្លែង ចំណែកឯក២នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នគរបាលចរាចរណ៍ស្រុករលាប្អៀរបានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ សេត ចន្ធី អាយុ៣៦ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង ទី២. ឈ្នោះ ឡុង បូរ៉ា អាយុ២៥ឆ្នាំ រងរបួសស្រាល និង៣.ឈ្មោះ ចាន់ ថា ភេទប្រុស អាយុ២២ឆ្នាំរងរបួសធ្ងន់ ជនរងគ្រោះទាំង៣នាក់រស់នៅក្នុងភូមិចក ឃុំចក ស្រុកបរិបូណ៌។
ប្រភពខាងលើបន្តថា មុនពេលកើតហតុជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូ១គ្រឿង ម៉ាកហ្ស៊ុយស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS- 2737 ក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ បានបើកឡើងជែងរថយន្ត ១គ្រឿងក្នុងទិសដៅស្របគ្នា ក្នុងពេលដែលកំពុងជែងរថយន្តក៏ស្រាប់តែមានរថយន្តដឹកទំនិញធុនធំ១គ្រឿង ពណ៌ស ពាក់ស្លាកលេខព្រះស៊ីហនុ3A-2643 ក្នុងទិសដៅច្រាស់គ្នា ក៏បានបុកម៉ូតូជនរងគ្រោះពេញមួយទំហឹងដួលជាច្រើនត្រឡប់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯ២នាក់ទៀតរបួសធ្ងន់និងស្រាល ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានទុករថយន្តចោលរួចគេចខ្លួនបាត់ ។ ចំពោះអ្នករងរបួសត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែកមធ្យោបាយបង្កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ៖ ចន្ថា













