ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គគីរចាប់ខ្លួន កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះនៅ សារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំណែកម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ ប៉ែន ប៊ុនធឿន ហៅតឿ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជាលទ្ធផលនៃការបង្ក្រាប មុខសញ្ញាចែកចាយ សមត្ថកិច្ចចាប់យកថ្នាំញៀន១០កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ មធ្យម និង៧កញ្ចប់តូច ទូរស័ព្ទដៃ២គ្រឿង ។
លោកវ៉េង កុសល នាយ ប៉ុស្តិ៍នគរបាលគគីរបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មដោយប្រើប្រាស់គ្រប់រូបភាព ពេលខ្លះយកទៅលក់ឲ្យអ្នកប្រើប្រាស់តាមរបៀបជិះម៉ូតូតាមផ្លូវសាធារណៈ តាមណាត់ជួបនៅកន្លែងស្ងាត់ និងកន្លែងផ្សេងៗទៀតនៅក្នុងភូមិសាស្ត្រស្រុក។ បន្ទាប់ពីទទួលបានព័ត៌មាននិងមានការណែនាំផ្ទាល់ពីលោកអធិការនគរបាលស្រុក ទើបកម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយកម្លាំងប្រជាការពារ បានពួនស្ទាក់នៅ ផ្លូវលំ ក្នុងភូមិ ពេលឃើញមុខសញ្ញា ទៅដល់កំពុងទម្លាក់បក្ខពួក…កម្លាំងសមត្ថកិច្ចក៏ឃាត់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន១០កញ្ចប់លាក់ទុកនៅក្នុងកាបូបលុយរបស់ឈ្មោះនៅ សារ៉ាត ទើបឈានដល់ការឃាត់ខ្លួនតែម្តង ដោយឡែកបក្ខពួកជន សង្ស័យម្នាក់ទៀតបានបើកម៉ូតូគេចបាត់ នៅគ្រាដែលសមត្ថកិច្ចកំពុងដេញចាប់មុខសញ្ញាម្នាក់ទៀតដែលមានគ្រឿងញៀនលាក់ទុកនៅក្នុងខ្លួន ។
ក្រោយចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ សណ្តោស
...