ក្រោយពេលចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំងនៅក្នុងផ្សារទំនើប Carrefour ស្ថិតនៅក្នុងទីក្រុងប្រ៊ុចសែលប្រទេសបែល ហ្ស៊ិកកម្លាំងប៉ូលិសបានឡោមព័ទ្ធបង្ខំឲ្យជន ចាប់ចំណាប់ខ្មាំងចេញសារភាព។
នៅវេលាម៉ោង១៩បុរសវ័យប្រហែលពី២០ទៅ៣០ឆ្នាំបានកាន់កាំបិតគំរាម និង បង្ខាំងមនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង។
ភ្លាមៗនោះប៉ូលិសក៏បានទៅដល់កន្លែង កើតហេតុឡោមព័ទ្ធទីតាំងខាងលើ។ នៅវេលាម៉ោង២០និង៣០នាទីជនដៃដល់ក៏បានចេញសារភាពចំពោះមុខប៉ូលិសដោយ គ្មានសកម្មភាពប្រឆាំងនឹងប៉ូលិសនោះឡើយ។
តាមការប្រកាសរបស់ប៉ូលិសនៅពេលដែលមានហេតុការណ៍ខាងលើកើតឡើង មិនដឹងថា នៅក្នុងផ្សារទំនើបនោះមានមនុស្ស ប៉ុន្មាននាក់ឡើយ។ មកទល់ពេលនេះក៏គ្មាន ព័ត៌មានស្តីពីការខូចខាតទ្រព្យសម្បត្តិ និង អាយុជីវិតនោះដែរ។
ជនរងគ្រោះដែលកា្លយជាចំណាប់ខ្មាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរដោយសារតែមានអ្នកខ្លះធ្លាក់ក្នុងសភាព តក់ស្លុតយ៉ាងខ្លាំង។ មន្ត្រីប៉ូលិសនៅក្នុង តំបន់បានបញ្ជាក់ថា នេះមិនមែនជាសកម្មភាពភេរវកម្មនោះឡើយ ។
ពេលដំបូងមានព័ត៌មានផ្សាយថា ជនដៃដល់បានកាន់កាំបិតចាប់មនុស្សនៅក្នុងផ្សារ១៥នាក់ធ្វើជាចំណាប់ខ្មាំង។ នៅពេល នេះក្រុមអ្នកឯកទេសស្រាវជ្រាវបន្តបើកការ ស្រាវជ្រាវពីបញ្ហាខាងលើឲ្យបានច្បាស់ថាតើជាសកម្មភាពគំនុំឬក៏ជាភេរវកម្ម?៕
ប្រែសម្រួល៖ ម៉ែវ សាធី