ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរដណ្ដើមពានរង្វាន់ ជើងឯក TV5 Boxing Knock Out ទម្ងន់ ៥៤គីឡូក្រាមបានឈានដល់វគ្គពាក់ កណ្តាលផ្ដាច់ព្រ័ត្រហើយនាល្ងាចថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦ នៅសង្វៀន TIFFY ARENA គឺកីឡាករ ស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរត្រូវប្រកួតជាមួយកីឡាករ ឈុន បញ្ញា មកពីក្លិបរ៉ាហាប់ស្វាយ ប៉ាក ។ ចំណែកកីឡាករ មាឃ សុវណ្ណារ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនគិរីត្រូវប្រកួតជាមួយកីឡាករ លីន វិបុល មកពីក្លិបបុរីរាជ សីហ៍មានប្ញទិ្ធ ។
ជំនួបរវាង ស្រៀង ទិតធិ នឹង ឈុន បញ្ញា នេះគឺពួកគេមិនធ្លាប់ជួបប្រកួតគ្នាទេកន្លងមក។ ប៉ុន្តែបើតាមកំណតត្រាប្រកួតរបស់បញ្ញាមានចំណុចជាច្រើនអាចចាត់ទុកថា គេមានបៀបលើ ស្រៀង ទិតធិ ។ ក្នុងនោះ ឈុន បញ្ញា ប្រកួតក្នុងវគ្គជម្រុះ៣ជុំកន្លង មកបានវាយឈ្នះ ចៅ រស់ មកពីក្លិបសុភានូ មានជ័យ ដោយពិន្ទុឈ្នះ ហេង ពន្លឺ មកពីក្លិប ពន្លឺសាមគ្គីខេត្តបាត់ដំបងដោយពិន្ទុនិង ឈ្នះ ម៉ន វ៉ាន្នី មកពីក្លិបការិយាល័យទី៥ កងទ័ពជើងទឹកដោយពិន្ទុ ។
រីឯស្រៀង ទិតធិ មានកាយសម្បទាល្អ ជាង ឈុន បញ្ញា ក្នុងការប្រកួតវគ្គជម្រុះ ចំនួន៣លើកកន្លងមក ស្រៀង ទិតធិ វាយ ឈ្នះ នួន សុជាតិ មកពីក្លិបកុលបុត្រកូនខ្មែរ ដោយ ពិន្ទុ ឈ្នះ ផាត សូដាមកពីក្លិបអេភូថង កីឡាដោយពិន្ទុ និងឈ្នះ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ ។ ទោះជា យ៉ាងណា ស្រៀង ទិតធិ និង ឈុន បញ្ញា នៅមិនទាន់អាចកំណត់ថា កីឡាករណាម្នាក់បានឡើងទៅវគ្គផ្តាច់ព្រ័ត្រនោះដែរ ។
ចំណែកការប្រកួតរវាង មាឃ សុវណ្ណារ៉ា នឹងលីន វិបុលវិញ ពួកគេទាំង២នាក់កាន់តែមានភាពតានតឹងខ្លាំងជាងការប្រកួតរបស់កីឡាករស្រៀង ទិតធិ និង ឈុន បញ្ញាទៅ ទៀត ដោយសារ សុវណ្ណារ៉ា និងវិបុល សុទ្ធ តែមានកម្លាំងវាយសម្រុកល្អដូចគ្នា ។ ទោះជាយ៉ាងណា លីន វិបុល មានប្រៀបលើ មាឃ សុវណ្ណារ៉ា ដោយសារកាយសម្បទា ។ កន្លងមក វិបុល វាយឈ្នះមាស ចាន់នឿន មកពីក្លិបដួងសែនសុខគុនខ្មែរក្នុងទឹកទី១ ឈ្នះ ពេជ្រ សាម៉ុន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យដោយពិន្ទុ និង ឈ្នះប៊ុន សុធា មកពីក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ដោយពិន្ទុ ។ មាឃ សុវណ្ណារ៉ា ប្រកួត៣ជុំ កន្លងមកវាយឈ្នះ ជ័យ សុផល មកពីក្លិបបាគងមានប្ញទិ្ធក្នុងទឹកទី១ឈ្នះ ប្រាក់ ស៊ីណាត មកពីក្លិបតាឯកដំបងដែកខេត្តព្រៃវែងក្នុងទឹកទី២ និងឈ្នះ នីម នន មកពីក្លិបកងពលតូចទ័ពឆត្រយោង៩១១ដោយពិន្ទុ ។ ដូច្នេះចាំ មើលថាតើ មាឃ សុវណ្ណារ៉ា និង លីន វិបុល នរណាបានឡើងទៅវគ្គផ្ដាច់ ព្រ័ត្រ?
គួររំលឹកថា ការប្រកួតដណ្ដើមពានរង្វាន់ ជើងឯក TV5 Boxing Knock Out ទម្ងន់ ៥៤គីឡូក្រាមនេះអ្នកឈ្នះទទួលបាន តំណែងជើងឯកមានពានរង្វាន់១ថវិកាចំនួន៤.០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ទទួលបាន២.០០០ដុល្លារ និងលេខ៣បាន៧៥០ ដុល្លារ ៕
ដោយ៖ សារីម