កាលពីថ្ងៃទី១៩ខែតុលាប្រធានាធិបតីហ្វុីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ បាន ទៅដល់ទីក្រុងប៉េកាំងនៅទីនោះលោក បានបញ្ជាក់ថា «ដល់ពេលដែលនិយាយថា លាអាមេរិក» មិនតែប៉ុណ្ណោះលោកបានរិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតី អូបាម៉ា ទៀតផង។
សារព័ត៌មាន Inquirer បានដកស្រង់ សម្តីលោក ឌុយទែរតេ បញ្ជាក់ថា «អស់លោកបាននៅក្នុងប្រទេសខ្ញុំដើម្បីផល ប្រយោជន៍របស់ខ្លួន។ ពេលនេះគឺជា ពេលវេលាដែលនិយាយថា លាហើយមិត្ត របស់ខ្ញុំ»។ លោកបញ្ជាក់ទៀតថា លោក នឹងមិនទៅកាន់អាមេរិកទៀតឡើយដោយសារតែនៅទីនោះលោកទទួលបានតែ បំពានមិនឲ្យតម្លៃ។ មិនតែប៉ុណ្ណោះលោក ឌុយទែរតេ បានហៅប្រធានាធិបតី អូបាម៉ា ជា «កូនប្រុសស្រីសំផិង»។
ប្រធានាធិបតីហ្វុីលីពីនកំពុងតែទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសចិនគឺជាដំណើរទស្សនកិច្ចដែលទីក្រុងម៉ានីលរំពឹងថា នឹងមានកាករីកចម្រើននៅក្នុងទំនាក់ ទំនង និងបង្វែរទិសដៅពីអាមេរិកមកកាន់ចិនវិញ ទាំងនោះជាគោលដៅថ្មីរបស់ហ្វុីលីពីន។
នៅក្នុងការសន្ទនាជាមួយសហគមន៍ ជនជាតិហ្វុីលីពីននៅក្នុងប្រទេសចិនលោក ឌុយទែរតេ បានបញ្ជាក់ថា ទីក្រុងម៉ានីល ទទួលបានតិចតួចណាសពីសម្ពន្ធមិត្តយូរឆ្នាំរបស់ខ្លួនគឺទីក្រុងវ៉ាស៊ីនតោនជាប្រទេស ដែលធ្លាប់ធ្វើអាណានិគមមកលើហ្វុីលីពីន។
សារព័ត៌មាន Global Times របស់ចិន បានផ្សាយថា កាលពីថ្ងៃទី១៩ ខែតុលា អត្ថ បទមួយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនចាត់ទុកហ្វុីលីពីនគឺជាកូនអុកមិនដែលឲ្យតម្លៃដល់ហ្វុីលីពីនឡើយ។ ការណ៍ដែលលោក ឌុយទែរតេ កែប្រែនយោបាយការបរទេស ឡើងវិញ គឺដើម្បីផលប្រយោជន៍ប្រជាជនហ្វុីលីពីន។
ក្នុងរយៈពេលនៅទីក្រុងប៉េកាំងលោក ឌុយទែរតេនឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ខើជាំង។ លោក ឌុយទែរតេ សង្ឃឹមថា ចិន នឹងលុបចោលទណ្ឌកម្មហាមនាំចូលចេកពីប្រទេសហ្វុីលីពីន។
ការបោះបង់សម្ពន្ធមិត្តឆ្ងាយចាប់យកដៃគូជិតគឺជាគោលនយោបាយជួយដល់សេដ្ឋកិច្ចរបស់ហ្វុីលីពីនកាន់តែប្រសើរជាជាងការប្រឈមមុខដែលមិនទទួលបាន ផលប្រយោជន៍អ្វី ហើយថែមទាំងខាតបង់ ជាច្រើនទៀតផង។
ចាប់តាំងពីលោក ឌុយទែរតេ ឡើងកាន់ តំណែងទំនាក់ទំនងរវាងហ្វុីលីពីននឹងអាមេរិកមិនដូចជាពេលមុនទៀតឡើយ។ គោលនយោបាយការបរទេសរបស់លោកមានការផ្លាស់ប្តូរទាំងស្រុងដោយលោក សុខចិត្តបោះបង់សម្ពន្ធមិត្តនៅឆ្ងាយចាប់យកដៃគូជិតងាយស្រួលជួយដល់សេដ្ឋ កិច្ចប្រទេសនេះ។ លោក ឌុយទែរតេ បាន បញ្ជាក់ថា ចេកក្រអូបរបស់ហ្វុីលីពីនបើនាំដល់អាមេរិកប្រាកដជាស្អុយរលួយជាមិនខាន ដូច្នេះមានតែទីផ្សារប្រទេសចិនប៉ុណ្ណោះ ទើបទាន់ពេលវេលា។ ទាំងនោះជាអ្វីដែល លោក ឌុយទែរតេ ចង់បានក្នុងពេលដែល លោកកាន់អំណាច។
អាមេរិកជាសម្ពន្ធមិត្តយុទ្ធសាស្ត្រប្រពៃ ណីរបស់ហ្វុីលីពីនកាលពីជំនាន់មុនទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីនមានភាពល្អប្រសើរ ហើយអាមេរិកប្រើប្រាស់ហ្វុីលីពីន ដើម្បីគ្រប់គ្រងចិន។ ផ្ទុយទៅវិញលោក ឌុយ ទែរតេ បានកាត់បន្ថយទំនាក់ទំនងជាមួយអាមេរិកងាកទៅរកចិនវិញ។ ប្រធានាធិបតិ ហ្វុីលីពីនសង្ឃឹមថា ចិននឹងមិនដើរឆ្ងាយជាងនេះនៅក្នុងការឈ្លានពានហ្វុីលីពីនទុក ឲ្យហ្វុីលីពីនមានឱកាសបានរស់នឹងគេ។
ពាក់ព័ន្ធនឹងវិវាទដែនសមុទ្រវិញ តាម អ្នកវិភាគតុលាការអន្តរជាតិក៏ដូចជាអ្នក វិភាគភាគច្រើនយល់ថា ហ្វុីលីពីនជាអ្នក ត្រូវសោះបែរជាតត្រុកសុំការសន្តោស ប្រណីពីចិនដែលជាអ្នកមកបំពានគេទៅ វិញ។ អ្នកតំណាងរាស្ត្រហ្វុីលីពីនម្នាក់មកពីខាងគណបក្សប្រឆាំងយល់ថា ជំហរបែបឱបជើងចិនរបស់ប្រធានាធិបតីហ្វុីលីពីននាពេលនេះនឹងជះផលអាក្រក់មកលើហ្វុីលីពីននៅថ្ងៃស្អែក។ ចិននឹងកាន់តែបាន ចិត្តសង្កត់កហ្វុីលីពីនលើគ្រប់វិស័យដើម្បីការពារប្រយោជន៍របស់គេ ហើយលោក រ៉ូឌ្រីហ្គោ ឌុយទែរតេ វិញខ្លាចលោក ស៊ី ជីន ពីង ដូចឆ្មាត្រូវទឹក។
សម្រាប់អ្នកវិភាគខ្លះនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយហ្វុីលីពីនវិញ យល់ថា បន្ទាត់នយោបាយបែរទៅខាងចិននាពេលនេះវាជារឿងចាំបាច់ក្នុងបរិបទ នយោបាយបច្ចុប្បន្នដែលហ្វុីលីពីនត្រូវការរកបង្អែកថ្មី ព្រោះសហរដ្ឋអាមេរិកកំពុង អស់ឥទ្ធិពលបណ្តើរៗទៅហើយនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។ គ្មាននរណាម្នាក់អាច គេចពីក្រញាំរបស់ចិនបានទេ។ ជាងនេះ ទៅទៀតក្នុងអាណត្តិទាំងពីររបស់លោក អូបាម៉ា សហរដ្ឋអាមេរិកហាក់បានកាត់ បន្ថយមិនចង់ធ្វើអន្តរាគមន៍ឬចេញមុខឈ្លោះជាមួយអ្នកណាដើម្បីការពារកូនចៅដូចកាលពីជំនាន់មុនទេ។ ដូច្នេះបើហ្វុីលីពីន ទៅតទល់ជាមួយចិនតែម្នាក់ឯងគឺមិនខុសពីយកពងមាន់ទៅជល់នឹងថ្មឡើយ។ ការ បត់ក្បាលទៅរកចិននាពេលនេះជាការ យល់ពីកាលៈទេសៈជាក់ស្តែង។ វិស័យ ពាណិជ្ជកម្ម ជំនួយវិនិយោគ ទាំងអស់នេះដែលហ្វុីលីពីនត្រូវការចិនបានផលពីចិន ជាជាងបង្កជម្លោះជាមួយចិន៕
ដោយ៖ ម៉ែវ សាធី