ភ្នំពេញ៖ តារាសម្តែងប្រុសស្រី២រូបគឺលោក សាយ សៀរ៉ា និងកញ្ញា គង់វង្សយ៉ាទី នឹងជួបគ្នាជាលើកដំបូងក្នុងស្នាដៃខ្សែភាពយន្តភាគថ្មីរឿង “លេខាថ្មី” របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីក្រុងពាលីចេញដំណើរការថតកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការផលតិកម្មនាបុរីវិមានភ្នំពេញ ក្រោមវត្តមានផលិតករសិល្បករជាច្រើនរូបចូលរួម។
លោក សាយ សៀរ៉ា បានថ្លែងថា “នេះជាលើកទី១ របស់លោកចាប់តាំងពីចូលប្រឡូកសិល្បៈគឺលោកមិនធ្លាប់ចាប់ដៃគូសម្តែងជាមួយ យ៉ាទី នោះទេ ប៉ុន្តែលោកសង្ឃឹមថាជួបគ្នាលើកទី១នេះ នឹងទទួលបានការគាំទ្រពីទស្សនិកជន។ លោកបញ្ជាក់ថា ក្នុងខ្សែភាពយន្តនេះលោកត្រូវសម្តែងជាតួអង្គប្រធានក្រុមហ៊ុនដែលមានលេខាជំនិតគឺអ្នកនាងគង់វង្ស យ៉ាទី ដែលជាតួអង្គឆ្នាស់ឆ្នើមជំនាញក្នុងការងារ។ លោកបញ្ជាក់ថា ក្នុងរឿងនេះមានឈុតកាច់កុងគ្នាច្រើនដែលនឹងធ្វើឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៍។
តារាសម្តែងនិងពិធីការិនី គង់ វង្សយ៉ាទីវិញបានបញ្ជាក់ថា នាងពិតជារំភើបគ្រាដែលបានចាប់ដៃគូសម្តែងជាមួយនឹងលោកសាយសៀរ៉ា។ នាងបន្តថា បើទោះបីជាវាគឺជាលើកដំបូងប៉ុន្តែតាមរយៈជំនួបគ្នាកន្លងមកក្នុងចង្កោមសិល្បៈនាងមានអារម្មណ៍ស្និទ្ធស្នាលច្រើនជាមួយលោកសាយ សៀរ៉ា ដូចនេះនាងជឿជាក់ថា មិនពិបាកក្នុងការសម្តែងរួមគ្នាជាលើកដំបូងនោះទេ។ នាងលើកឡើងដែរថា ខ្សែភាពយន្តភាគដែលសម្រិតសម្រាំងដោយផលិតកម្ម ចក្រវាឡពេជ្រភាពយន្តនេះ នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនជាក់ជាមិនខាន។
អ្នកស្រីថុង ស៊ីវទៀង អគ្គនាយិការផលិតកម្មចក្រវាឡពេជ្រភាពយន្តបានលើកឡើងថារឿង “លេខាថ្មី” គឺជាស្នាដៃថ្មីរបស់ផលិតកម្ម ដែលផលិតឡើងសម្រាប់ផ្គត់ផ្គង់ទីផ្សារភាពយន្តដែលផលិតកម្មព្យាយាមពង្រឹងទាំងគុណភាព និងបរិមាណឲ្យកាន់តែប្រសើរជាមុនដើម្បីប្រកួតប្រជែងជាមួយភាពយន្តរបស់ប្រទេសជិតខាង។ អ្នកស្រីបន្តថា ខ្សែភាពយន្តនេះមានចំនួន៣៦ ភាគ ដែលចំណាយការផលិតប្រមាណជាង៣ខែមុននឹងដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ នៅពេលខាងមុខ។ អ្នកស្រីបញ្ជាក់ដែរថា ក្នុងអំឡុងពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែខាងមុខនេះផលិតកម្មនឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំរបស់ខ្លួនគឺរឿង”វិស្សមកាលមរណៈ”នៅរោងភាពយន្តលុច្សផងដែរដែលអ្នកស្រីរំពឹងថា នឹងមានការចូលរួមគាំទ្រស្នាដៃរបស់ផលិតកម្មមអ្នកស្រីនៅពេលដាក់បញ្ចាំង៕
ដោយ៖ វឌ្ឍនា