ភ្នំពេញ៖ ក្រោយពីទទួលបានអនុសាសន៍ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃម្សិលមិញនេះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់បញ្ជាឱ្យមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការលើកិច្ចការប្រមូលពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
លោកអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះក្នុងកិច្ចប្រជុំស្តីពី ការយកពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិដី និងផ្ទះដែលពុំមានប័ណ្ណកម្មសិទ្ធិ នាសាលប្រជុំសាលាខណ្ឌដូនពេញ ដែលមានសមាសភាពចូលរួម អភិបាលរងខណ្ឌដូនពេញ, នាយករដ្ឋបាលខណ្ឌ, ប្រធានការិ.ដនសភ, ប្រធានសាខាពន្ធដាខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យរដ្ឋបាល, ប្រធាន-អនុប្រធានការិយាល័យអន្តរវិស័យ , ប្រធាន-អនុប្រធានអង្គភា ពលទ្ធកម្ម, ប្រធានការិយាល័យផែនការ និងលោក-លោកស្រីចៅសង្កាត់ទាំង១១។
ខ្លឹមសារនៃកិច្ចប្រជុំសំខាន់មាន ២គឺ៖
1-ការអនុវត្តការប្រមូលពន្ធប្រថាប់ត្រាផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំពោះអចលនទ្រព្យដែលបានចុះបញ្ជី និងពុំបានចុះបញ្ជី។ អង្គប្រជុំ បានសម្រេចអនុវត្តការបង់ពន្ធប្រថាប់លើការផ្ទេរតាមការណែនាំរបស់ក្រសួង និងបានកំណត់ដំណើរការក្នុងការផ្ទេរសិទ្ធិ ដោយមានការចូលរួមពីខាងភូមិបាលខណ្ឌក្នុងការវាស់វែង, ពន្ធដារខណ្ឌក្នុងការប្រមូលពន្ធ។ យន្តការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦តទៅ។
2-ការបញ្ជាក់លិខិតលក់ផ្តាច់និងផ្ទេរសិទ្ធិ រដ្ឋបាលខណ្ឌប្រគល់ជូនសង្កាត់ទទួលខុសត្រូវតាមសង្កាត់រៀងខ្លួន និងធ្វើរបាយការណ៍ប្រចាំខែមកខណ្ឌ តាមរយៈរបាយការណ៍រីកចម្រើនរបស់សង្កាត់ ។
គួរបញ្ជាក់ថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបើកកិច្ចប្រជុំធំជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ សម្ដេចតេជោ បានបញ្ជាទៅអាជ្ញាធរទាំងអស់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបង់ពន្ធឱ្យបានគ្រប់ៗគ្នា សំដៅពង្រឹងកិច្ចការប្រមូលពន្ធឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ សម្ដេចតេជោ បានដាក់នូវអនុសាសន៍២ចំណុច ដើម្បីអនុវត្តកិច្ចការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព រួមមាន៖ «ដាក់ស្មៅក្នុងក្រោលសេះ ដើម្បីឱ្យសពចូលស៊ីស្មៅ» និង «មិនចាំបាច់ដំឡើងពន្ធទេ គឺត្រូវយកពន្ធឱ្យអស់»៕
...
ដោយ៖ ស តារា