ខេត្តកណ្តាល៖ យុវជនម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរជិះម៉ូតូប្រជែងរថយន្តក្នុងស្ថានភាពផ្លូវមានឧបសគ្គក៍ជ្រុលទៅកៀររថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-ហូជីម៉ិញ កាលពីវេលាម៉ោង៤,១០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ- 7312 មានឈ្មោះសោម សាមឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជណ្តើយន្ត មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រថយន្តដែលជនរងគ្រោះ បើកម៉ូតូទៅកៀរបណ្តាលអោយដួលរងរបួសធ្ងន់ម៉ាកហ៉ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-8899 ជាប្រភេទរថយន្តក្រុងដឹងអ្នកដំណើរភ្នំពេញ-ហូជីម៉ិញ របស់ក្រុមហ៊ុនខាយណាម ត្រេនស្ព័រថេស៉ិន ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាបធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលកើតហេតុសាក្សី បានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ មកដល់កន្លែងកើតហេតុជនរងគ្រោះបានបើកប្រជែងរថយន្តមួយគ្រឿងទៀតនៅពីមុខ គ្រានោះក៍ជ្រុលចង្កូតទៅកៀររថយន្តក្រុងដឹកអ្នកដំណើរដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយដួលបោកក្បាលនិងបាក់កដៃស្តាំ ។
បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានឈប់ហើយរត់គេចខ្លួនបាត់ ចំណែកអ្នកដំណើរនៅលើរថយន្តត្រូវបានក្រុមហ៊ុនយករថយន្ត១គ្រឿងទៀតមកដឹកបន្ត ចំណែករថយន្តដែលជួបគ្រោះថ្នាក់ចរាចរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ហើយជនរងគ្រោះដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ៕
ដោយ៖ សណ្តោស