ខេត្តបាត់ដំបង៖ ក្រុមហ៊ុនម៉ាស៊ីនកិនស្រូវសម្ងួតស្រូវ ឈន ឌីន ដែលមានទីតាំង នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុង បាត់ដំបងបានទទួលរងការរិះគន់ពីប្រជា ពលរដ្ឋ ថាបានបង្ហុយលំអងស្រូវមកលើ លំនៅឋានពួកគាត់និងបង្កសំឡេងរំខាន ដល់ការរស់នៅ ។
បើតាមប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនកិនស្រូវ ឈន ឌីន ដែលធ្វើការ ២៤ម៉ោងលើ២៤ម៉ោង បានបង្ហុយលំអងស្រូវមកលើលំនៅឋានរបស់ពួកគាត់ធ្វើឲ្យហុយចូលចានបាយចូលច្រមុះ។ លើសពីនោះបានបង្កសំឡេងរំខាន២៤ម៉ោងប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់ ដែលនៅក្បែរនោះ ។
លោក សុខ ឈឿក ចៅសង្កាត់វត្តគរ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៤តុលា នេះថា លោកធ្លាប់បានទៅណែនាំជាច្រើនដង មកហើយតែគេមិនធ្វើតាម ។ ដូច្នេះលោកសូមឲ្យខាងមន្ត្រីបរិស្ថាន និងក្រសួងសុខាភិបាលសហការគ្នាចុះមកពិនិត្យមើលផង ព្រោះសកម្មភាពទាំងនោះពិតជាប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋពិតមែន ។
ពាក់ព័ន្ធបញ្ហាខាងលើ ប្រធានមន្ទីរ បរិស្ថានខេត្តបាត់ដំបង លោកជួប សារុន បានមានប្រសាសន៍ថា លោកមិនដឹងទេ សូមឲ្យលោកចៅសង្កាត់ធ្វើរបាយការណ៍មួយមកដើម្បីឲ្យលោកដឹង និងចាត់វិធានការបន្តថាត្រូវរៀបចំធ្វើយ៉ាងម៉េច ។
បើទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញជួយមានវិធានការលើទីតាំងក្រុមហ៊ុនខាងលើផង ព្រោះថាសកម្មភាពទាំងនោះគឺធ្វើ ឡើង២៤ម៉ោងលើ២៤ម៉ោងតែម្តង ៕
ដោយ៖ នរិន្ទ្រ