ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីការិយាល័យបរិស្ថានខណ្ឌបញ្ជាឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ រួមជាមួយកម្លាំងប្រជាការពារសង្កាត់កំបូលបានឃាត់រថយន្តមួយគ្រឿងបន្ទាប់ពីដឹកសំរាមកម្ទេចថង់ប្លាស្ទិច និងកម្ទេចក្រណាត់ជាច្រើនចេញពីសិប្បកម្ម ជ្រែកម្ទេចក្រណាត់របស់ខ្លួន យកទៅចាក់នៅក្នុងដីឡូត៌ទំនេររបស់ខ្លួនឯងមួយកន្លែង ហើយបានដុតចោលបង្កឲ្យមានផ្សែងហុយ និងធំក្លិនឈ្ងៀមបង្កការប៉ះពាល់ដល់បរិស្ថាន ព្រមទាំងធ្វើឲ្យមានការយល់ច្រឡំថា ជាផ្សែងភ្លើងឆេះផ្ទះ។ បន្ទាប់មកសមត្ថកិច្ចបានចុះឃាត់នាំយករថយន្តទៅរក្សាទុក នៅក្នុងសាលាខណ្ឌដើម្បីឲ្យម្ចាស់ចូលខ្លួនទៅធ្វើការអប់រំ ណែនាំពីផលប៉ះពាល់នៃការចាក់សំរាមបែបអនាធិបតេយ្យនេះ កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចដីឡូត៌ ទំនេរមួយកន្លែង ស្ថិតនៅក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ។
ម្ចាស់សិប្បកម្មជ្រែ កម្ទេចក្រណាត់ ដែលអាជ្ញាធរនិយាយថា បានបពុលបរិស្ថាននោះ មិនបានប្រាប់ឲ្យដឹងឈ្មោះនោះទេ ហើយរថយន្តដែលត្រូវឃាត់ ខណៈពេលដឹកសំរាមយកទៅចាក់ចោលនោះ ម៉ាកគា ពណ៌ស ពាក់ស្លាក លេខង-9553ភព 2 បើកបរដោយយុវជនម្នាក់ មិនស្គាល់ឈ្មោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះបានដឹកសំរាមមានដូចជាកម្ទេចថង់ ប្លាស្ទិច និងកម្ទេចក្រណាត់ពេញ ចេញពីក្នុងសិប្បកម្មជ្រែកម្ទេចក្រណាត់របស់ខ្លួនមួយ ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ទល់មុខវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ យកទៅចាក់ចោលនៅចំណុចដីឡូត៌ខាងលើ ដែលជាដីរបស់ខ្លួនដែរ បន្ទាប់មកបានដុតកម្ទេចចោលបង្កឲ្យមានផ្សែងហុយយ៉ាងឃ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ ស្មានថាជាផ្សែងអគ្គិភ័យឆាបឆេះផ្ទះ ឬឆេះអ្វីមួយ។ ប៉ុន្តែបន្ទាប់ពីកម្លាំងប្រជាការពារ និងអាជ្ញាធរសង្កាត់កំបូលបានចុះទៅមើលទើបបានឃើញនិងដឹងថា ជាផ្សែងនៃការដុតកម្ទេចក្រណាត់ និងកម្ទេចថង់ប្លាស្ទិច ដោយមនុស្សមួយក្រុមខាងលើ ទើបឆ្លងយោបល់ទៅថ្នាក់លើឃាត់ករថយន្តនោះទៅរក្សាទុកបណ្ដោះអាសន្ន នៅសាលាខណ្ឌពោធិ៍សែនជ័យតែម្ដង៕
...
ដោយ៖ សុខា សែនជ័យ