ភ្នំពេញ៖ ជនសង្ស័យម្នាក់បែកគំនិតយកម៉ូតូមិត្តភក្តិទៅលក់បាត់ ក្រោយពេលលង់ខ្លួនចាញ់ល្បែងហ្គេមណេត តែសំណាងមិនល្អត្រូវម្ចាស់ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋស្ទឹងមានជ័យ កាលពីវេលាម៉ោង២ និង២០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅម្ដុំផ្សារថ្មី ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ គឹម លី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សារថ្មី ខណ្ឌដូនពេញ។
បើតាមការរៀបរាប់ពីម្ចាស់ម៉ូតូឈ្មោះ កែវ ស៊ីណា ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅចាក់អង្រែលើ ខណ្ឌមានជ័យបានឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែឆ្នាំដដែល រូបគេនិងជនសង្ស័យបាននាំគ្នាមកផឹកស៊ីនៅផ្ទះមិត្តភក្តិ ស្ថិតនៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណៈដែលកំពុងតែផឹកស៊ីជនសង្ស័យបានខ្ចីម៉ូតូខ្លួនថា ទៅទិញបារីជក់ហើយក៏ទៅបាត់រហូតដោយចាំបាត់ៗ ខ្លួនបានដើររករហូតដល់ម៉ោង៣ទាបភ្លឺតែនូវតែមិនឃើញ លុះមកដល់ម៉ោងកើតហេតុខាងមានគេតេប្រាប់ថា បានឃើញជនសង្ស័យចូលបន្ទប់ជួលនូវម្ដុំផ្សារថ្មី ភ្លាមនោះខ្លួនបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចប៉ុស្ដិ័នគរបាលរដ្ឋបាលស្ទឹងមានជ័យដើម្បីចាប់ជនសង្ស័យយមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូទៅបញ្ចាំពិតប្រាកដមែនដោយក្នុងតម្លៃ១៣០ដុល្លារ នៅម្ដុំផ្សារតូច ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌទួលគោក ចំពោះម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG 113.1.007។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យកាត់ទោសតាមនីតិវិធីច្បាប់៕
ដោយ៖ តាឡឹម