ខេត្តកណ្តាល៖ ឆ្លៀតពេលលោកពូ-អ្នកមីងមិននៅរវល់ទៅលក់ដូរនៅឯផ្សារក្មួយប្រុសចិត្តជាសត្វតិរច្ឆានបានធ្វើសកម្មភាពគាស់ជញ្ជាំផ្ទះធ្វើពីស័ង្គសី ចូលទៅចាក់ប្រហារប្អូនស្រីជីដូនមួយ ដោយផ្លែទួណឺវីស បណ្តាលឲ្យរងរបួសលើក្បាល, ថ្ពាល និងកញ្ចឹង.ក កាលពីវេលាម៉ោង៣ និង១០នាទីរំលងអធ្រាត្រថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលស្រុកស្អាងសហការជាមួយនគរបាលក្រុងតាខ្មៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទុយ ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក បច្ចុប្បន្នស្នាក់នៅភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ។ ចំណែកឯក្មេងស្រីរងគ្រោះដែលត្រូវជាប្អូនជីដូនមួយជនសង្ស័យនោះ ឈ្មោះ គីម ឡាង ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ។
ប្រភពដដែលបន្តថា ជនសង្ស័យត្រូវជាក្មួយរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដោយជនសង្ស័យជាក្មេងកំព្រាឪពុកម្តាយ ស្ត្រីជាម្តាយមីងបានយកមករស់នៅផ្ទះជាមួយ ។ ជារៀងរាល់ថ្ងៃជនសង្ស័យដេកនៅសំយ៉ាបផ្ទះ ។ លុះមកដល់យប់ថ្ងៃកើតហេតុលោកពូ-អ្នកមីងមិននៅផ្ទះរវល់ទៅលក់ដូរ ជនសង្ស័យក៏បានធ្វើសកម្មភាពគាស់ជញ្ជាំងចូលទៅក្នុងផ្ទះស្ទុះចូលទៅសង្កត់ពីលើប្អូនស្រីជីដូនមួយកំពុងដេកក្នុងមុង រួចយកផ្លែទួណឺវីសចាក់ប្រហារទៅលើក្មេងស្រីរងគ្រោះបណ្តាលឲ្យរងរបួសលើកញ្ចឹង.ក, ក្បាល និងថ្ពាល ។ ភ្លាមៗនោះក្មេងស្រីរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់គេចខ្លួន តែគេចមិនរួចត្រូវសមត្ថកិច្ចនគរបាលក្របួចជាប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ ស្អាងជ័យ