ខេត្តត្បូងឃ្មុំ៖ ដីព្រៃលេចទឹកជាជម្រកត្រីពងស្ថិតក្នុងភូមិសាស្រ្តឃុំទន្លេបិទ ឃុំជី រោទ៍១ ឃុំជីរោទ៍២ និងឃុំថ្មពេជ្រ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមឈ្មួញ និងប្រជាពលរដ្ឋកាប់រានឈូសឆាយយកធ្វើជាកម្មសិទ្ធិ ដោយគ្មានអាជ្ញាធរពាក់ព័ន្ធណាមានវិធានការទប់ស្កាត់ឡើយ ខណៈប្រជាជនមួយចំនួនដែលអាស្រ័យផលនឹងព្រៃលិចទឹកតំបន់ខាងលើនេះបានត្រឹមដើរ គ្រវីតែក្បាល និងមានការសោកស្តាយ ។
សកម្មភាពកាប់ទន្ទ្រាននេះត្រូវបានប្រជាពលរដ្ឋរស់នៅភូមិទួលពន្លៃ ឃុំជីរោទ៍២ រៀបរាប់ឲ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋខ្លះបានលួចកាប់ព្រៃលិចទឹកទាំងនោះយកដីធ្វើស្រែ តែមួយចំនួនធំត្រូវបានអាជ្ញាធរ មូលដ្ឋានហាមឃាត់ ប៉ុន្តែរយៈពេល២-៣ ឆ្នាំចុងក្រោយនេះ ស្រាប់តែមានក្រុមឈ្មួញយកគ្រឿងចក្រមកឈូសឆាយយ៉ាងគគ្រឹកគគ្រេងយកដីទាំងនោះធ្វើជាកម្មសិទ្ធិដោយគ្មានអាជ្ញាធរថ្នាក់ណាអន្តរាគមន៍បង្ក្រាបឡើយ ។
ជាមួយគ្នានោះប្រជាពលរដ្ឋដែលរស់ នៅភូមិជ្រោយគរ ឃុំជីរោទ៍២ និងភូមិពើក ឃុំថ្មពេជ្រ បានរៀបរាប់ប្រហាក់ប្រហែលគ្នាថាដីព្រៃលិចទឹកដែលពួកគាត់អាស្រ័យផល ត្រូវឈ្មួញឈូសឆាយអស់គ្មានសល់នោះទេ ហើយអ្នកដែលឈូស ឆាយមានទាំងអ្នកភូមិនិងក្រុមឈ្មួញមកពីក្រៅដែលប្រើគ្រឿងចក្រចូលឈូសឆាយទាំងយប់ ទាំងថ្ងៃហើយមានអ្នកភូមិស្គាល់ទីតាំងច្បាស់ជាអ្នកមើលការខុសត្រូវ ។
ជុំវិញបញ្ហានេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ និងវិធានការចាំបាច់នានាក្នុងការ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលលេខ០៥សរណ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លោក ប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ បានទទួលស្គាល់ថាពិតជាមានការរំលោភកាប់ទន្រ្ទានយកដីព្រៃលិចទឹកក្នុងភូមិសាស្ត្រខាងលើធ្វើជាកម្ម សិទ្ធិ ប្រើប្រាស់ដោយខុសច្បាប់ប្រាកដ មែន។ តែយ៉ាងណាលោកបានដាក់បទ បញ្ជាឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះសិក្សាដោះស្រាយដើម្បីរួមគ្នាការពារអភិរក្សសម្រាប់ ជាជម្រកត្រីពង និងសម្រាប់ជាប្រយោជន៍ រួមដល់ប្រជាជនរស់នៅអាស្រ័យផលក្នុងតំបន់នោះ ។
ការដាក់បទបញ្ជានេះមិនដឹង ថា មន្ត្រីជំនាញ និងអាជ្ញាធរខេត្តត្បូងឃ្មុំ មានវិធានការផ្លូវច្បាប់ទៅលើក្រុមឈ្មួញ ដែលបានឈូសឆាយដីព្រៃលិចទឹកទាំងនោះឬមួយយ៉ាងណានោះទេ។ ប្រជាពលរដ្ឋមួយចំនួនសង្ឃឹមថាក្រុមមន្ត្រីជំនាញមិនមែន ចុះមកវាស់វែងដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ដល់អ្នកឈូសឆាយដីព្រៃលិចទឹក ទាំងនោះនោះទេ។
ប្រជាពលរដ្ឋសង្ឃឹមថា មន្ត្រីជំនាញ នឹងមានវិធានការផ្លូវច្បាប់ដកហូតដីទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់គ្នា៕
ដោយ៖ ហេង សុរិយា