ខេត្តកំពង់ស្ពឺ៖ ទើបចេញពីគុកបាន៦ខែមិនរាងចាលមកប្រកបរបរចាស់ចែកចាយគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់បានម្តងទៀតបញ្ជូនចូលគុក កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយកម្លាំងស្រុកផ្នែកគ្រឿងញៀនសហការជាមួយផ្នែកកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក។
ជនសង្ស័យ ឈ្មោះ សាយ កុសល់ ប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកអនុសេនីយ៍ឯក មុិច សុភាន អធិការរងនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ដោយទទួលសេចក្តីរាយការណ៍ថាជនសង្ស័យរូបនេះធ្វើសកម្មភាពចែកចាយថ្នាំញៀននៅចំណុចខាងលើរូបលោកបានសហការជាមួយការិយាល័យជំនាញធ្វើការតាមដានរហូតដល់ពេលជនសង្ស័យធ្វើសកម្មភាពក៏ឃាត់ខ្លួនតែម្តង។
លោកអធិការបន្តថា ជនសង្ស័យរូបនេះជាមុខសញ្ញាដែលសមត្ថកិច្ចរបស់លោកធ្វើការតាមដានជាយូរមកហើយ ក្រោយពីជននេះបានចេញពីពន្ធនាគារបាន៦ខែជាប់ជានិច្ច ហើយពេលនេះត្រូវឃាត់ខ្លួនបានម្តងទៀតខណៈពេលធ្វើសកម្មភាពចែកចាយថ្នាំញៀនបន្តទៅឲ្យអ្នកដ៏ទៃ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេរនៅលើខ្លួនជនសង្ស័យដោយដកហូតបានគ្រឿងញៀនចំនួន៧កញ្ចប់តូច។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើុយសារភាពថា ថ្នាំញៀនទាំងអស់ជារបស់ខ្លួនពិតប្រាកដមែន។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការរិយាល័យជំនាញប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធីច្បាប់៕
...
ដោយ៖ សេនាស័ក្តិ