ភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ខណៈបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីសRX470ទាំងស្រវឹងជោកជាំក៏ជ្រុលទៅបុកម៉ូតូម៉ាកវេវដែលជិះគ្នា៣នាក់យ៉ាងពេញទំហឹង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ៣៦០ កែងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ អត់មានស្លាកលេខ ធ្វើដំណើរតាមផ្លួវលេខ១០៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីសRX470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2S-1727 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សស្រី២នាក់ទៀត បានបើកតាមផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿននិងស្រវឹងជោកជាំ ក៏ជ្រុលទៅបុកយុវជន៣នាក់កំពុងជិះម៉ូតូយ៉ាងពេញទំហឹង ហើយអូសម៉ូតូនិងមនុស្សក្រោមរថយន្តជិត១០០ម៉ែត្រ ទាល់តែរថយន្តទៅមុខរួចទើបឈប់ បណ្ដោយឲ្យអ្នកបើកម៉ូតូរងបួសបែកក្បាលហូរឈាម និងអ្នកអង្គុយខាងក្រោយរងរបួសបាក់ជើងស្តាំទាំងពីរនាក់ផងដែល ក្រោយកើតហេតុយុវជនទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិក សុខលាភមេត្រី និងអ្នកអង្គុយកណ្ដាលរងរបួសបាក់ដៃខាងស្ដាំ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកហុង ហាក់ ចំណែកម៉ូតូរងកាខូចខាតខ្ទេចស្ទើរតែទាំងស្រុង ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌចំការមនចុះមកដល់កន្លែងកើតហេតុនិងយករថយន្តនិងម៉ូតូទៅឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវាស់វែងយករក្សាទុកជាបណ្ដោះអាសន្នសិនរងចាំដោះស្រាយពេលក្រោយ ៕
...
ដោយ៖ ស រស្មី