ខេត្តព្រះសីហនុ៖ ករណីរោងចក្រញូវ ស្តារបង្ហូរទឹកពណ៌បៃតង និងពណ៌ទឹកដោះ គោចូលប្រភពទឹកស្អាត កាលពីព្រឹកថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៦នោះ នៅរសៀល ថ្ងៃដដែលអភិបាលនៃខណ:អភិបាលក្រុង ព្រះសីហនុ លោក អុី សុខឡេង ក៏ដូចជាប្រធាន មន្ទីរបរិស្ថានខេត្ត លោកសាមុត សុធារិទ្ធ បានដាក់កម្លាំងជំនាញ ដើម្បីចុះត្រួតពិនិត្យ ពីបញ្ហាទឹកមិនប្រក្រតីដែលបង្កឡើងដោយរោងចក្រខាងលើហើយ ។
លោកអភិបាលក្រុងបានថ្លែងប្រាប់អ្នកកាសែតថា ទាក់ទិននឹងបញ្ហាទឹកពណ៌បៃតង និងពណ៌ទឹកដោះគោនេះក្រុមការងារសាលាក្រុងសហការជាមួយមន្ទីរបរិស្ថានបានចុះទៅពិនិត្យរោងចក្រញូវស្តារជាលទ្ធផលមូលហេតុដែលទឹកហូរចេញពីរោងចក្រពណ៌បៃតង និងពណ៌ទឹកដោះគោនោះតាមការពិនិត្យរបស់ក្រុមការងារបានឲ្យដឹងថា ដោយសារទឹកសារ៉ាស្បែកជេីង និងកាវ ស្បែកជេីងដែល រោងចក្រមួយនេះបានបង្ហូរចោលតាមប្រព័ន្ធលូចុះទៅតំបន់ទឹកស្អាត ក្បាលឆាយ ដែលជាតំបន់ទឹកស្អាតមានប្រជាពលរដ្ឋប្រើប្រាស់រាប់សែននាក់នៅ ក្នុងខេត្តព្រះសីហនុនេះ ។
ចំពោះមុខក្រុមការងារបានចុះធ្វេីកំណត់ហេតុទៅលើរោងចក្រខាងលើនេះឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះការបង្ហូរទឹកសារ៉ាស្បែក ជេីង និងកាវស្បែកជេីងទាំងអស់ ព្រមទាំងគ្រប់គ្រងឲ្យបានជាដាច់ខាតក្នុងការលេច ធ្លាយ និងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់តំបន់ទឹកស្អាត បើមិនដូច្នោះទេសាលាក្រុងនឹងចាត់វិធានការចំពោះរោងចក្រនេះ ប្រសិនបើមានករណីនេះកើតឡើងម្ដង ទៀត ។
គួរបញ្ជាក់ផងដែរថា រោងចក្រខាងលើនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ២ សង្កាត់លេខ១ ខេត្ត-ក្រុងព្រះសីហនុ ៕
ដោយ៖ ឆ្លាមសមុទ្រ