ខេត្តពោធិ៍សាត់៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំបានចាប់ខ្លួនអ្នកលក់គោម្នាក់ សង្ស័យជាបក្ខពួកអ្នកលួច និងអ្នកទិញបញ្ជូនទៅអធិការនគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។
លោក ឯម រុន អធិការនគបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធលួចគោឈ្មោះហុង ហេង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រីឯអ្នកទិញគោឈ្មោះទាំ ព្រហីម ភេទប្រុង អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចបានឃាត់ខ្លួនបន្ទាប់ពីម្ចាស់គោឈ្មោះសាំង ធី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្បាលទារហាន ឃុំឈើតុំ ស្រុកក្រគរ កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បានប្ដឹងថា គាត់បាត់មេគោផើមមួយក្បាល សម្បុរចំប៉ា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ គ្រាដែលមានគោមួយក្បាលនេះគាត់ចងទុកនៅចំនុចប៉ែន កែវ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ឲ្យស៊ីស្មៅ។
លោកអធិការបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យលួចគោ និងទិញគោក្នុងបទទទួលផលចោរកម្មនេះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
បើតាមជនសង្ស័យឈ្មោះហុង ហេង សារភាពថា គេមិនបានលួចគោមេខាងលើនេះទេ តាមពិតឈ្មោះគក គុយ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកលួច(កំពុងរត់គេចខ្លួន)ឲ្យគេយកមកដឹកលក់តែប៉ុណ្ណោះ ។
ដោយឡែកសមត្ថកិច្ចអះអាងថា សម្លើយសារភាពរបស់ជនសង្ស័យនេះគ្រាន់តែជាការដោះសារប៉ុណ្ណោះ។ រីឯឈ្មោះទាំ ព្រហីម ជាអ្នកទិញគោបានឆ្លើយថា គាត់មិនពាក់ព័ន្ធលួចគោនេះទេ តែនៅពេលដែលឃើញជនសង្ស័យលក់គោដូច្នេះ គាត់បានចំណាយប្រាក់ចំនួន១៥,៥០០០០រៀល។ ទោះជាមានការលើកឡើងពីអ្នកទិញគោបែបនេះក៏ដោយ សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនអ្នកទិញគោបែបនេះ ព្រោះអ្នកមានលុយទិញមិនសួរប្រភពថា បានគោមកពីណា ដូច្នេះការទិញគោរបៀបនេះត្រូវជាប់ពាក់ព័ន្ធទទួលផលចោរកម្ម។
លោកអធិការបានបញ្ជាក់ថា ជាមួយការឃាត់ខ្លួនជនសង្ស័យសមត្ថកិចបានដកហូតគោមេផើមប្រគល់ឲ្យម្ចាស់ឈ្មោះសាំង ធី ហើយដែរ ហើយជនសង្ស័យត្រូវបានកសាងសំណុំរឿងទៅតុលាការនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ដើម្បីបន្តនីតិវិធី៕
ដោយ៖ ប៉ឹម ពិន