ភ្នំពេញ៖ កម្មករសំណង់ប្រុសស្រី២ ក្រុមមានគ្នា៩នាក់បានបង្កជម្លោះពាក្យ សម្តីគ្នាឈានដល់ប្រើអំពើហិង្សាវាយកាប់ ចាក់គ្នាទៅវិញទៅមកបណ្តាលឲ្យមានអ្នករងរបួសដេកពេទ្យ៤នាក់និង៥នាក់ទៀតត្រូវនគរបាលចាប់ឃាត់ខ្លួន ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៦ នៅក្នុងបុរីហាយឡេនធីសុី ស្ថិត ក្នុងក្រុម១ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
ក្រុមកម្មករដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ មឿន វៃ ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរកម្មករសំណង់ ទី២-ឈ្មោះ យុឺយ ចំណាន ភេទស្រី អាយុ៣៦ឆ្នាំ ធ្វើសំណង់។ អ្នកទាំង២ស្នាក់ក្នុងការដ្ឋានសំណង់ខាងលើមានស្រុកកំណើតភូមិជើងទឹក ឃុំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ទី៣-ឈ្មោះ រឿង រ៉ាញ់ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ ទី៤-ឈ្មោះ ហ៊ត សីហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ សំណង់ និងទី៥-ឈ្មោះ សេង ហ៊ន ភេទ ប្រុស អាយុ៤១ឆ្នាំ មុខរបរមេការសំណង់។ អ្នកទាំងអស់នេះស្នាក់ក្នុងការដ្ឋានសំណង់ខាងលើនិងមានស្រុកកំណើតនៅភូមិជ័យវីរៈ ឃុំគោកគង់ខាងជើង ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ ចំណែក៤នាក់ទៀតកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ។
តាមប្រភពព័ត៌មានពីមេការសំណង់ឈ្មោះ សេង ហ៊ន ស្នាក់នៅកន្លែងកើត ហេតុមានស្រុកកំណើតនៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមួយថ្ងៃគាត់បានបាត់ដែក(តាយ៉េ) ចំនួន១.០០០តាយ៉េ សរុបជាទឹក ប្រាក់ជាង១០ម៉ឺនរៀល។ ដោយខឹងពេករូប គាត់បានស្រែកជេរនិងសួររកមុខអ្នកលួច ក៏លេចមុខស្រ្តីម្នាក់ចេញមកឈ្លោះនិងជេរតបវិញធ្វើឲ្យក្រុមភាគីទាំងសងខាងចេញមកព្រោងព្រាតដោយម្ខាងមានកាន់កាំបិតនិងម្ខាងទៀតមានកាន់ដំបងបង្កទៅជា ហិង្សាវាយកាប់ចាក់គ្នាបណ្ដាលឲ្យកម្មករសំណង់ ៤នាក់រងរបួសធ្ងន់ត្រូវសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រៈកុសុមៈ និង៥នាក់ទៀតត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួនក្នុងនោះមានស្រ្តីម្នាក់រួមទាំងរូបគាត់ ម្នាក់ផងដែរ ។
ក្រោយកើតហេតុកម្លាំងនគរបាលបានឃាត់ខ្លួនមេការសំណង់ម្នាក់និងកម្មករ៤នាក់ក្នុងនោះមានស្ត្រីម្នាក់ផងទៅកាន់ប៉ុស្តិ៍នគរបាលភ្នំពេញថ្មីដើម្បីកសាងសំុណំុរឿង បញ្ចូនខ្លួនមកជំនាញព្រហ្មទណ្ឌខណ្ឌសែន សុខចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ តុង សីហា