ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌ៧មករា កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញជនសង្ស័យម្នាក់ ជិះមូ៉តូ១គ្រឿងមា៉កPCX ដែលជាមុខសញ្ញាឆក់យា៉ងសកម្មនៅក្នុងរាជធានីភ្នំពេញ ក៏ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករាចាប់ឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១០៥ កែង២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ទិព ចាន់វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣Eo ផ្លូវលេខ១១១ មុខរបរមិនពិតប្រាកដ ។
បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងព្រហ្មទណ្ឌ៧មករា កំពុងល្បាតក្នុងមូលដ្នាន ក៏ស្រាប់តែ ប្រទះឃើញជនសង្ស័យ ហើយបានតាមដានពីក្រោយ ជនសង្ស័យម្នាក់ជិះមូ៉តូ១គ្រឿងមា៉កPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១FZ. ៩០៩៩ ដែលជាមុខសញ្ញាឆក់យា៉ងសកម្មភាពនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងជិះតាមបណ្ដោយផ្លូវលេខ១០៥ ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងព្រហ្មទណ្ឌ៧មករា ដេញតាមពីក្រោយរហូតដល់នៅចំណុចផ្លូវលេខ២៣២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ទើបកម្លាំងព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនបានជនសង្ស័យ ហើយក៏បានឆែកឆេរខ្លួនជនសង្ស័យរកឃើញថ្នាំញៀន១កញ្ចប់តូចផងដែរ។
ក្រោយពីកម្លាំងព្រហ្មទណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ កន្លងមក ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងម៉ូតូ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕
ដោយ៖ ស រស្មី