ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រារព្ធពិធី ប្រកាសចូលកាន់តំណែងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋានកសិកម្ម អគ្គលេខាធិការរង ក្រសួង និងមន្ត្រីជាថ្នាក់ដឹកនាំអង្គភាព២រូបទៀត ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមានការចូលរួមពី លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញក្រសួង ហើយនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត ។
បន្ទាប់ពីលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មឡើងប្តេជ្ញាចិត្តរួចមកលោករដ្ឋមន្ត្រី បានថ្លែងទៅកាន់អង្គពិធី ដោយលើកឡើងថាការតែងតាំងតំណែងជូនមន្ត្រីរាជការគឺជាដំណើរប្រព្រឹត្តជាធម្មតានៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួង ស្ថាប័នរបស់រាជ រដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើននៃ សមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីក ចម្រើននៃសេដ្ឋកិច្ចទៅតាមដំណាក់កាលនីមួយៗ ។
ឆ្លៀតក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីបានចែករំលែក និងណែនាំនូវចំណុចមួយចំនួនសម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ គួរប្រកាន់យកដើម្បីជាថ្នាក់ដឹកនាំល្អ ជាមន្ត្រីល្អ ជា គំរូនៃមន្ត្រីថ្នាក់ក្រោមរួមមាន គោរពស្រលាញ់ប្រជាពលរដ្ឋនិងមន្ត្រីរាជការក្រោមឱវាទ ចេះរំលឹកដាស់តឿនគ្នា កែលំអ និងហ៊ាន ទទួលខុសត្រូវពេញចិត្តបម្រើប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានគោរព និងស្មោះត្រង់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ាន ប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោមដោយផ្តល់យុត្តិធ៌ម និងកិត្តិយស ការលើក ទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រឹត ។ បន្ថែមលើនេះត្រូវប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារឲ្យមន្ត្រីធ្វើ មិនលាបពណ៌ គ្នា ហើយនឹងមិនធ្វើជាខ្នងបង្អែកឲ្យឈ្មួញខិលខូច ឬ បក្ខពួកខ្លួន ។
ឆ្លៀតឱកាសនោះផងដែរ លោករដ្ឋមន្ត្រីបានណែនាំដល់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មដែលមានខ្លឹមសារដូចខាងក្រោម៖ ១- គ្រប់អង្គភាពក្រោមអគ្គ នាយកដ្ឋានកសិ កម្ម ត្រូវរៀបចំអនុវត្តការ ងារជាក្រុម ២- លើកកម្ពស់ សមត្ថភាពមន្ត្រីក្នុងកិច្ចការពារដំណាំ សុវត្ថិភាពផលិតផលកសិកម្ម ជា ពិសេសពង្រឹងការងារភូតគាមអនាម័យ ស្របតាមនីតិវិធីនិងនិយាមក្នុងតំបន់ (អាស៊ាន) និងអន្តរជាតិ ដើម្បីទាក់ទាញបាននូវជំនឿចិត្តអ្នកបញ្ជាទិញ ព្រម ទាំងឈានទៅរៀបចំជា អីុ-វិញ្ញាបនប័ត្រ នាពេលឆាប់ៗខាងមុខ ៣-បង្កើនការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងដីកសិកម្ម ដោយចុះធ្វើការវាយតម្លៃដីជាក់ស្តែង នៅតាមតំបន់នីមួយៗ លើសមាសភាគ ជីជាតិដី ដើម្បីណែនាំការប្រើប្រាស់ជីបានត្រឹមត្រូវស្របតាមមុខដំណាំនីមួយៗកាត់បន្ថយបាននូវថ្លៃដើមក្នុងផលិតកម្មដំណាំ របស់កសិករ ៤-បង្កើនការគ្រប់គ្រង ផ្តល់ សេវា និងផ្តល់ពូជស្រូវសុទ្ធល្អដល់ប្រជា កសិករ ដោយសហការជាមួយដៃគូពាក់ ព័ន្ធ ជាពិសេសវិស័យឯកជនក្នុងការងារ នេះ ៥-ត្រូវស្រាវជ្រាវពូជរុក្ខជាតិហូបផ្លែ និងរុក្ខជាតិលំអ ដោយសហការជាមួយអ្នក វិនិយោគទុន ដើម្បីចែកជូនប្រជាកសិករ តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ៦-បន្តជំរុញការងារពិសោធន៍ស្រាវជ្រាវអភិវឌ្ឍន៍ និងផ្ទេរបច្ចេកទេស ទំនើបសមស្រប ជួយដល់កសិករ ហើយ នឹងជំរុញស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមកសិដ្ឋាន ស្ថានីយ៍ពិសោធន៍ និង មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម ដើម្បីជួយ បង្កើនសមត្ថភាពសហគមន៍កសិកម្ម នៅតាមមូលដ្ឋានឲ្យចេះបន្សល់ពូជប្រើប្រាស់ធាតុចូលកសិកម្មបានត្រឹមត្រូវ ដែលនាំដល់ការបន្ទាបថ្លៃដើមក្នុងការផលិត ៕
ដោយ៖ សូរិយា