កាលពីថ្ងៃទី៣១ ខែតុលា ប៉ាគីស្ថាន និងឥណ្ឌាបានផ្ទុះអាវុធដាក់គ្នាសាជាថ្មី នៅតំបន់ Nakyal ជាប់ព្រំដែនគ្រប់គ្រង (LoC) ក្នុងតំបន់ដែលមានវិវាទកាស្មៀរ បណ្តាលឲ្យពលរដ្ឋស្លូតត្រង់៤នាក់ស្លាប់ និង៦នាក់រងរបួស។
មន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា ការបាញ់ប្រហារគ្នាកើតឡើងនៅតាមព្រំដែនកាត់ផ្តាច់តំបន់វិវាទនៅកាស្មៀរគ្រប់គ្រងដោយឥណ្ឌាជាប់ព្រំដែនខេត្ត Punjab របស់ ប៉ាគីស្ថាន។ ការបាញ់ប្រហារគ្នាកើតឡើងនៅព្រឹកថ្ងៃទី៣១ ខែតុលា អូសបន្លាយ ពេញមួយថ្ងៃតែម្តង។
នេះជាការបាញ់ប្រហារថ្មីបំផុតនៅក្នុងការប៉ះទង្គិចគ្នាជាច្រើនលើកកើតឡើងនៅតំបន់កាស្មៀរដែលមានវិវាទរវាងប្រទេសមហាអំណាចបរមាណូទាំងពីរ។ ភាពតានតឹងនៅតាមព្រំដែនមិនទាន់ស្ងប់ស្ងាត់នៅឡើយជាច្រើនខែកន្លងមក។
ការវាយប្រហារទ្រង់ទ្រាយធំបំផុតនៅព្រំដែនកើតឡើងកាលពីខែកញ្ញា កន្លងមក បណ្តាលឲ្យទាហានឥណ្ឌា១៩នាក់ស្លាប់ ក្នុងតំបន់ Baramulla ភាគខាងជើងកាស្មៀរ។ នោះជាការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំបំផុត និងមានអ្នកស្លាប់ច្រើនបំផុត។
រដ្ឋាភិបាលទីក្រុងញូវដែលីបានចោទប្រកាន់ក្រុម Jaish E Muhammad នៅ ក្នុងប្រទេសប៉ាគីស្ថានថា ជាអ្នកវាយប្រហារ ទៅលើកម្លាំងទាហានឥណ្ឌា។ ប៉ុន្តែរដ្ឋា ភិបាលទីក្រុងអ៊ិស្លាម៉ាបាតបានច្រានចោល ការចោទប្រកាន់ទាំងនោះ។
បន្ទាត់ព្រំដែន (LoC) មានប្រវែង៧២០ គីឡូម៉ែត្រ កាត់ផ្តាច់តំបន់កាស្មៀរ ស្ថិតនៅ តំបន់ភ្នំហេមពាន្តទៅជាពីរចំណែកម្ខាង គ្រប់គ្រងដោយឥណ្ឌានិងម្ខាងទៀតគ្រប់គ្រងដោយប៉ាគិស្ថាន។ បើទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំ២០០៣ ប៉ុន្តែទាហាននៅតាមព្រំដែននោះបានប៉ះទង្គិចគ្នាជាញឹកញាប់ ហើយក៏បានទម្លាក់ កំហុសឲ្យគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ ម៉ែវ សាធី