មន្ត្រីប្រេស៊ីលបានប្រកាសឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃទី៣១ខែតុលា នៅក្នុង រដ្ឋភាគខាងត្បូង Parana ប្រទេសប្រេស៊ីលបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់។
មន្ត្រីប្រេស៊ីលបានឲ្យដឹងទៀតថា រថយន្តក្រុងដឹកអ្នកដំណើរប្រមាណ៣០នាក់ ធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យក៏ស្រាប់តែបុកជាមួយរថយន្តស៊ីទែនដឹកទឹកដោះគោនៅលើផ្លូវហាយវេ PR 323 នាវេលា ម៉ោង១៥និង៣០នាទី។
ការបុកគ្នាយ៉ាងពេញទំហឹងនេះបណ្តាល ឲ្យរថយន្តទាំងពីរគ្រឿងត្រូវភ្លើងឆាបឆេះ បណ្តាលឲ្យអ្នកនៅលើរថយន្តក្រុង១៩ នាក់ស្លាប់ ចំណែកអ្នកដទៃទៀតបានរត់ ចេញបុកក្រៅទាន់ពេល ដោយសារតែខ្លួនមិនសន្លប់នៅក្នុងគ្រោះថ្នាក់នោះ។
ក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុភ្លាមៗ និងបានបញ្ជូនអ្នករងរបួស ទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ មានមនុស្ស៩នាក់គេចផុតពីក្តីស្លាប់ក្នុងហេតុការណ៍ខាងលើ។ មូលហេតុបណ្តាលឲ្យមាន គ្រោះថ្នាក់ដ៏រន្ធត់នេះ ប៉ូលិសកំពុងធ្វើការស្រាវជ្រាវឲ្យបានច្បាស់មុនពេលប្រកាសជាសាធារណៈ៕
ប្រែសម្រួល៖ ម៉ែវ សាធី