ភ្នំពេញ៖ កន្លងមកចំណងស្នេហ៍ពេជ្រ អាវីហ្សា និងប្អូនថ្លែអ្នកឧកញ៉ា ទ្រីភាព ដែលគេស្គាល់ថាឈ្មោះហ៊ា ហេង នោះបានប្រកាសដោយបើកបំហរ។ ទោះជាយ៉ាងណាស្នេហាដែលពោពេញដោយ ការប្រចណ្ឌ ហួងហែងហួសហេតុពីសង្សាក្តី បានធ្វើឲ្យតារាសម្តែង ស៊ិចស៊ីពេជ្រ អាវីហ្សា ជ្រើសរើសផ្លូវបែកគ្នាដើម្បីបញ្ចប់បញ្ហា។
កន្លងមក ក្រៅពីល្បីឈ្មោះរឿងលេងខ្លួនបែបស៊ិចស៊ីតារាសម្តែង ពេជ្រ អាវីហ្សា ក៏ល្បីល្បាញនឹងរឿងរ៉ាវស្នេហាផងដែរ ដែលចុងក្រោយនេះនាងបានទម្លាយអំពីចំណងស្នេហ៍ជាមួយបុរសឈ្មោះហ៊ា ហេង ដែលមានជីវភាពធូរធារម្នាក់ជាប្អូនថ្លៃអ្នកជំនួញល្បីល្បាញនៅកម្ពុជា។
ទោះជាយ៉ាងណាចំណងស្នេហ៍ដែលនាងទើបនឹងប្រកាសនេះចាប់ផ្តើមលេចចេញភាពរកាំរកូសច្រើនដែលនាងលើកឡើងថា កើតឡើងពីការប្រចណ្ឌច្រើនហួសហេតុពីសង្សារ បើទោះបីជាកន្លងមក ពេជ្រ អាវីហ្សា ធ្លាប់បណ្តើរសង្សារបណ្តូលចិត្តចូលរួមគ្រប់កម្មវិធី ជប់លៀងអ្នកសិល្បៈក្តី។ ការស្វែងយល់ចិត្តគ្នាជាមួយគូស្នេហ៍ រយៈពេលជាង២ឆ្នាំនេះតារាសម្តែងស្រីសម្តីផ្អែមសាច់សដូចបណ្តូលចេករូបនេះគឺបានដើរដល់ផ្លូវទាល់។ ពេជ្រ អាវីហ្សាសារភាពថា ស្នេហានាងពិតជាបានដល់ទីបញ្ចប់ពិតមែន ហើយការបែកនេះគឺដោយសន្តិវិធីមិនមានបញ្ហាធ្ងន់ធ្ងរអ្វីកើតឡើងនោះដែរ។ តារាស្រីរូបនេះសារភាពថា ស្នេហានាងហាក់ជាប់គាំងមិនអាចរីកចម្រើនទៅមុខដោយរលូនដូចមុនឡើយ ហើយអ្វីដែលធ្វើឲ្យស្នេហានាងជួបភាពស្មុគស្មាញនេះគឺ ព្រោះតែភាពប្រចណ្ឌច្រើនពីគូស្នេហ៍។ នាងបញ្ជាក់ថា កន្លងមកនាងបានព្រលយថា ស្នេហានេះវាអាចនឹងងាយបែកបាក់ ប្រសិនបើស្ថានភាពប្រចណ្ឌហួងហែងពេករបស់សង្សារនៅតែកើតមាន។ នាងថា ហាក់មិនមានសិទ្ធិសេរីភាពច្រើនក្នុងការដើរហើរ និងរាប់អានមិត្តភក្តិដែលសូម្បីតែមានអ្នកទាក់ទងតាមទូរស័ព្ទមករករឿងការងារសោះក៏សង្សារនាង។ នាងបន្តថា ស្ថានភាពហាក់មិនវិលមកកាន់ស្ថានភាពប្រសើរឡើងវិញនោះទេ បើទោះបីជាអតីតសង្សារនាងក៏បានបណ្តើរនាងទៅឲ្យចាស់ទុំមើលមុខផងដែរ ដែលអាចជាការបង្កើនទំនុកចិត្តលើរឿងស្នេហាឡើងវិញផងដែរ។
អ្នកសិល្បៈម្នាក់ដែលស្និទ្ធិនឹងនាងលើកឡើងថា ពេជ្រ អាវីហ្សាបានរើខ្លួនលែងរួចពីទ្រុងស្នេហ៍របស់បុរសជាកូនអ្នកមានទ្រព្យ និងជាសាច់ញាតិរបស់អ្នកជំនួញល្បីឈ្មោះនៅកម្ពុជាខាងលើផងដែរ។
ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបញ្ជាក់ថា ទោះបីជាប្រចណ្ឌ និងសង្សារច្រើនក៏ ហ៊ាហេង យកចិត្តទុកដាក់ចំពោះ ពេជ្រ អាវីហ្សាច្រើនដែរដែលសូម្បីតែយានជំនិះ និងលុយកាក់មួយចំនួនក៏សង្សារនាងនៅតែជួយផ្តល់ឲ្យជានិច្ច ហើយសង្សារនាងក៏ចង់ឲ្យ អាវីហ្សាលាឈប់ពីសិល្បៈដែរ ។ បញ្ហាដែលធ្វើឲ្យស្នេហាដល់ទីបញ្ចប់នេះ គឺក្រោយពេលដែលអតីតគូស្នេហ៍នាងបានលេចចេញជម្លោះជាពាក្យសម្តីធ្ងន់ធ្ងរនៅក្នុងក្លិបកម្សាន្ត៥៥ជាមួយនឹងតារាសម្តែងលោក អ៊ឹម ជីវ៉ា ៕
ដោយ៖ វឌ្ឍនា