ពលរដ្ឋ២នាក់និងទាហានថៃម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសកាលពីថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៦ ។ ស្ថានភាពហិង្សានៅក្នុងតំបន់ភាគខាងត្បូងប្រទេសថៃនេះបានកើតឡើងក្នុងពេលដែលមន្ត្រីនៅក្នុងគណៈកម្មការដោះស្រាយវិបត្តិទៅកាន់តំបន់ភាគខាងត្បូងដើម្បីពិភាក្សាស្វែងរកសន្តិភាពនៅក្នុងតំបន់។
កម្លាំងទាហានថៃបានឲ្យដឹងថា ការវាយប្រហារគ្រាប់បែកនិងបាញ់ប្រហារបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងខេត្ត ស៊ុងក្លា ខេត្តណារ៉ាធីវ៉ាតនិងខេត្តប៉ាតានី។
ការវាយប្រហារដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺស្ថិតនៅជិតទីតាំងកងពលលេខ១៥ប្រចាំការនៅភាគខាងត្បូងដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងការពារជាតិ លោក Udomdej Sitabutr ។ ក្រៅពីនេះនៅមានមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់កំពុងតែស្នាក់នៅទីនោះ។
លោក Ronnasilp Phusara មន្ត្រីប៉ូលិស នៅក្នុងតំបន់ភាគខាងត្បូងបានឲ្យដឹងថា មានពលរដ្ឋស្លូតត្រង់២នាក់បានស្លាប់ និងសន្តិសុខម្នាក់រងការបាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់។
ក្នុងពេលជាមួយគ្នានោះខ្មាន់កាំភ្លើង៤នាក់បានជិះម៉ូតូបាញ់ប្រហារទៅលើទីតាំងយោធានៅប៉ាតានីបណ្តាលឲ្យទាហានម្នាក់ស្លាប់ ។ ស្ថានីយប្រេងឥន្ធនៈនិងទីតាំងទូATM នៅខេត្ត ណារ៉ាធីវ៉ាតត្រូវបានដុតបំផ្លាញកាលពីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៦។
ក្នុងថ្ងៃជាមួយគ្នានោះដែរប៉ូលិសថៃបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលបានវាយប្រហារនៅតំបន់រមណីយដ្ឋានភូកេតកាលពីខែសីហាកន្លងទៅបានចូលរួមនៅក្នុងការវាយប្រហារតំបន់ភាគខាងត្បូងលើកនេះដែរ។
តំបន់ភាគខាងត្បូងប្រទេសថៃក្នុងនោះមានខេត្ត៣ខាងលើមានជនជាតិអ៊ិស្លាម ភាគច្រើនរស់នៅ។ ក្រុមសកម្មជនអ៊ិស្លាមនៅទីនោះមានការខឹងសម្បាយ៉ាងខ្លាំងដោយសារតែរដ្ឋាភិបាលមិនបានផ្តល់តម្លាភាពក្នុងការរស់នៅ ប្រកបរបរ និងការងាររដ្ឋបាលនៅទីនោះឲ្យជនជាតិអ៊ិស្លាម ។ បើទោះបីជនជាតិអ៊ិស្លាមរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ប៉ុនណាក៏បានត្រឹមតែកាន់តំណែងរងប៉ុណ្ណោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី