ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបុរសម្នាក់តាមពាក្យបណ្ដឹងរបស់នារីរងគ្រោះថា ធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈរហូតបានសម្រេច នៅកន្លែងធ្វើការជាមួយគ្នា កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅហាងកាត់សំលៀកបំពាក់ក្នុងបន្ទប់ជាន់លើ ផ្ទះលេខ៤១ ផ្លូវ៤២ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះត្រូវបានស្គាល់ឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៤ ផ្លូវលេខ៤៣ ក្នុងបុរីសម្បត្តិមានហេង សង្កាត់និរោទន៍ ខណ្ឌច្បារអំពៅ បានមករៀនកាត់សំលៀកបំពាក់នៅកន្លែងកើតហេតុ។ ចំណែកបុរសដែលត្រូវគេចោទប្រកាន់ឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសសង្ស័យបានដេកនៅក្នុងបន្ទប់ជាន់លើស្រែកហៅនារីរងគ្រោះយកទូរស័ព្ទទៅឲ្យខ្លួន ពេលនោះនារីរងគ្រោះបានយកទៅឲ្យដល់បន្ទប់ ភ្លាមនោះស្រាប់តែជនសង្ស័យក៏បានចាប់ទាញដៃនិងធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង។ ក្រោយពេលធ្វើសកម្មភាពរួចហើយនារីរងគ្រោះបានទូរស័ព្ទទៅប្រាប់បងប្អូនពីរឿងរ៉ាវនេះក៏បានប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនបុរសខាងលើ។
ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យនៅប៉ុស្តិ៍នគរបាលចោមចៅ រួចក៏បានបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយបន្ត៕
...
ដោយ៖ សុខាសែនជ័យ