ភ្នំពេញ៖ សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាសម្រេចឃុំខ្លួនលោក គៀង ហេង ប្អូនថ្លៃអ្នកឧកញ៉ា ទ្រី ភាព និងជាអតីតៈសង្សារនាង ពេជ្រ អាវីហ្សា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ហើយកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ និងបន្ទាប់ពីមានការរិះគន់ខ្លាំងៗពីមហាជន។ ពេជ្រ អាវីហ្សា នៅតែរក្សាជំហរមិនប្តឹងបន្ថែមដដែលលើករណីហិង្សាមកលើនាង ហើយនាងបើកផ្លូវឲ្យមានការស៊ើបសួរ និងកាត់ទោសចំពោះអតីតគូស្នេហខាងលើ។
យោងតាមដីការបង្គាប់ឲ្យឃុំឃ្លួនបណ្តោះអាសន្នរបស់លោក អ៊ី ឃាង ចៅក្រមស៊ើបសួររបស់តុលាការខេត្តព្រះសីហនុ បានសម្រេចឃាត់ខ្លួនលោក គៀង ហេង អាយុ២០ឆ្នាំ និងត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទហិង្សាដោយចេតនាដែលជាបទល្មើសព្រហ្មទណ្ឌ។ ការឃុំខ្លួននេះក្រោយការសាកសួរ និងធ្វើកំណត់ហេតុពាក់ព័ន្ធនឹងការបង្ករបួសស្នាមដល់កញ្ញា ពេជ្រ អាវីហ្សា នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៦ វិច្ឆិកា ថា លោក គៀង ហេង ក៏ត្រូវឃាត់ខ្លួន និងត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅតុលាការខេត្តភ្លាមៗក្នុងថ្ងៃដដែល។
លោក អ៊ី ឃាង អះអាងថា ផ្អែកតាមផ្លូវច្បាប់បើទោះជាជនរងគ្រោះសម្រេចមិនដាក់ពាក្យបណ្ដឹង ក៏បញ្ហាដែលបានបង្កឡើងនៅតែត្រូវបានសម្រេចដាក់បន្ទុក ដោយប្រព័ន្ធច្បាប់ និងតុលាការ។ ដូចនេះហើយទើបស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលប្រចាំខេត្ត បានកោះហៅភាគីទាំងពីរទៅធ្វើកំណត់ហេតុ ហើយបញ្ជូនជនត្រូវចោទលោកគៀង ហេង ទៅកាន់តុលាការ។ លោកថា ជនត្រូវចោទជាអតីតសង្សាររបស់ពេជ្រ អាវីហ្សា នឹងជៀសពីចូលរង្វង់ក្រចកសេះមិនផុតឡើយ បន្ទាប់ពីសំណុំរឿងលើករណីមួយនេះត្រូវបានរៀបរយ។ ទោះយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិតថា តុលាការនឹងមានចំណាត់ការបែបណា និងត្រូវកាត់ទោសលើករណីនេះនៅថ្ងៃណានោះដែរ។
តារាសម្តែងពេជ្រ អាវីហ្សា បានបន្តរក្សាជំហរមិនប្តឹងបន្ថែមលើករណីហិង្សាមកលើនាង ប៉ុន្តែនាងនឹងបើកផ្លូវឲ្យមានការស៊ើបអង្កេតណាមួយពីមន្ត្រីសមត្ថកិច្ច។ នាងថា អ្វីដែលធ្វើឲ្យនាងមិនដាក់បណ្ដឹងលើ អតីតសង្សារព្រោះបុរសនោះបានធ្វើការសុំទោសនាងជាសាធារណៈ និងបានសន្យារឈប់ចងពៀររួមទាំងការផ្តល់នូវសេរីភាពគ្រប់គ្រាន់។ នាងថា សប្បាយចិត្តបន្ទាប់ពីជនបង្កហេតុចំពោះនាងត្រូវបានធ្លាក់ដល់ដៃតុលាការហើយនាងនឹងទទួលយកគ្រប់បែបយ៉ាងតាមការសម្រេចរបស់មន្ត្រីតុលាការ។
គួរបញ្ជាក់ដែរថា តារាសម្ដែង ពេជ្រ អាវីហ្សា ត្រូវបានគេបញ្ចេញរូបថតរបស់នាងព្រោងព្រាតក្រោយពីនាងទទួលរងអំពើហិង្សាកាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកាក្នុងក្លឹបកម្សាន្តមួយនាខេត្តព្រះសីហនុ។ អ្នកប្រព្រឹត្តិត្រូវបានគេស្គាល់ថា ជាអតីតគូស្នេហ៍មានឈ្មោះថា គៀន ហេង និងជាប្អូនថ្លៃអ្នកឧកញ៉ា ទ្រី ភាព។ នេះមិនមែនជាអំពើហិង្សាដំបូងទេដែលនាងទទួលរងការវាយដំពីអតីតសង្សារ ហើយចុងក្រោយនេះគឺកាន់តែមានសភាពធ្ងន់ធ្ងរ។
ចុងក្រោយនៃអំពើហិង្សាមកលើនាងត្រូវបានសម្រួលក្រៅរបងតុលាការ ប៉ុន្តែត្រូវបានរងការរិះគន់ពីមហាជនព្រោះតែយោងតាមផ្លូវច្បាប់ករណីវាយដំនេះឃើញថា ជាបទល្មើសព្រហ្មទណ្ឌ ទោះជាជនរងគ្រោះមិនហ៊ានប្ដឹងដោយសារភ័យខ្លាច ឬព្រមទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការក៏ដោយ គឺព្រះរាជអាជ្ញា និងប៉ូលិសព្រហ្មទណ្ឌ មានសិទ្ធិប្ដឹង និងបន្តធ្វើចំណាត់ការតាមវិធានការច្បាប់បាន ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពគឺភាពគ្មានទោសពៃនោះ៕
ដោយ៖ វឌ្ឍនា