ភ្នំពេញ ៖ ជនជាតិវៀតណាមម្នាក់មានជំងឺរបេងជាច្រើនឆ្នាំមកហើយ ខណៈខូចចិត្តនិង ប្រពន្ធលែងរត់មកនៅកម្ពុជាបាន១ខែក្អួតឈាមស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង១៥ នាទីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នំា២០១៦ នៅចំណុចផ្ទះគ្មានលេខក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឱ្យដឹងថា បុរសដែលស្លាប់នោះមានឈ្មោះ ដូរ យ៉ាំងដាំង ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរកម្មករសំណង់ ជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុក កំណើតនៅប្រទេសវៀតណាម ។
សមត្ថកិច្ចបានបន្តឱ្យដឹងថា បុរសខាងលើទើបតែលែងប្រពន្ធបានជាង១ខែ ដោយខូចចិត្តនិង ប្រពន្ធសុំលែងក៏រត់មកនៅប្រទេសកម្ពុជា សុំស្នាក់នៅជាមួយស្ត្រីម្នាក់ជាជនជាតិវៀតណាមដូចគ្នា ដែលត្រូវជាមិត្តភក្កិម្តាយ បានស្នាក់នៅជាង១ខែ ។ ជនរងគ្រោះឧស្សាមានអាការៈក្អកធ្លាក់ឈាមជាញ័រញាក់ប៉ុន្តែជនរងគ្រោះ មិនដែលទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពឬទិញថ្នាំមកលេបនោះទេ ថែម ទាំងហូបស្រាសជាប្រចាំថ្ងៃទៀត ទើបធ្វើឱ្យរូបគេខ្លួនធ្លាក់ឈឺបែបនេះ ។
សមត្ថកិច្ចបានបន្តទៀតថា នៅល្ងាចថ្ងៃទី២១ គេឃើញជនរងគ្រោះមានទឹកមុខស្រពោន ហើយមានអាការៈក្អតធ្លាក់ឈាមរួចចូលដេកដូចសព្វដង ។ លុះព្រឹកឡើងគេឃើញដេក ដណ្តប់ភួយមិនក្រោកក៏នាំគ្នាទៅដាស់ឱ្យក្រោក ស្រាប់តែខ្លួនជនរងគ្រោះមានសភាពរឹងស្តូក មិនដឹងស្លាប់តាំងពីណានោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារយកសាកសពទៅតម្កល់នៅវត្តទួលអស់លោក ដើម្បីធ្វើបុណ្យ ។ បញ្ហាបេងបច្ចុប្បន្នមិនមែនមើលមិនជានោះទេ ប៉ុន្តែអ្វីសំខាន់នោះជនរងគ្រោះត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ៕
អរុណរះ