ខេត្តបាត់ដំបង ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីត យុទ្ធជនបានថ្លែងថា តំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់ រវាងខ្មែរនឹងខ្មែរ នា ទសវត្សរ៍ឆ្នាំ៨០ រហូតដល់ចុងទសវត្សរ៍ ឆ្នាំ៩០ ក្នុងខេត្តប៉ៃលិន បាត់ដំបង និង បន្ទាយមានជ័យ បាននិងកំពុងប្រែមុខមាត់ ថ្មី និងមានការអភិវឌ្ឍរីកចម្រើនគួរឲ្យ សម្គាល់ ។
ក្នុងដំណើរជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធលើតំបន់អតីត សមរភូមិប្រយុទ្ធខាងលើនេះ នាពេល ថ្មីៗនេះ នាយឧត្តមសេនីយ៍ គន់ គីម បាន ថ្លែងថា ការបញ្ចប់សង្រ្គាម នឹងនាំមកនូវការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ន គឺមានការចូលរួមចំណែកយ៉ាងធំធេងពីអតីត យុទ្ធជន ។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ដើម្បីទប់ទល់ការប៉ុនប៉ងវិលត្រឡប់មក វិញនៃរបបខ្មែរក្រហម ដែលជារបបដ៏ឃោរ ឃៅនោះអតីតយុទ្ធជនបានប្រឹងប្រែងតស៊ូអស់កម្លាំងកាយចិត្តលូនក្រាបគ្រប់សមរភូមិ និងឆ្លងកាត់ការលំបាកសព្វបែបយ៉ាង ប្រយុទ្ធរារាំងចលនា របស់កងកម្លាំងខ្មែរ ក្រហមតស៊ូនៅក្នុងព្រៃ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាង ដូច្នេះបច្ចុប្បន្នអតីតសមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងខ្មែរនឹងខ្មែរគ្នាឯង តំបន់ដែល ហ៊ុមព័ទ្ធទៅដោយព្រៃស្រោងតំបន់គ្មានផ្លូវដើរនេះបាននិងកំពុងអភិវឌ្ឍន៍រីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងកកកុញ ។ ភាពរីកចម្រើន និងសម្បូរ សប្បាយទាំងនេះ ដោយសារតែការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយក៏មានការចូលរួមចំណែកយ៉ាងធំធេងផងដែរពីបងប្អូនអតីតយុទ្ធជនរបស់យើង។ បងប្អូនអតីតយុទ្ធជនបានឈរជើងការពារនៅតំបន់នេះ យ៉ាងរឹងម៉ំាជាទីបំផុតទប់ទល់មិនឲ្យកងទ័ពខ្មែរក្រហមត្រឡប់មកវិញ បើមិនដូច្នោះទេ យើងមិនរស់នៅបានសុខ។ ស្រួល និងមានឱកាសអភិវឌ្ឍដូចបច្ចុប្បន្ននេះឡើយ ។
នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ដើម្បីតបស្នងគុណបំណាច់ និងពលិកម្ម របស់អតីតយុទ្ធជននេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងបាននឹករលឹក និងគិតគូរជា និច្ចទៅលើសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជន ហើយចាត់រូបលោកឲ្យចុះជាប់ជាប្រចាំនិងទៅដល់កន្លែងរស់នៅរបស់អតីតយុទ្ធជន ។
នាយឧត្តមសេនីយ៍ថា ការចុះជាប់ជាប្រចាំធ្វើឲ្យរូបលោកក្តាប់បាននូវស្ថានភាពពិត នៃការរស់នៅរបស់អតីតយុទ្ធជន ក៏ ដូចជាបញ្ហាកំពុងជួបប្រទះ និងប្រឈម ហើយក៏បានឆ្លើយតបដោះស្រាយបានទាន់ ពេលវេលា និងមានប្រសិទ្ធភាពផងដែរ ។
រាល់ពេលចុះជួបជាមួយអតីតយុទ្ធជននេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏តែងបាន ដាស់តឿនក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុខទុក្ខ របស់អតីតយុទ្ធជន ហើយក៏ត្រូវដោះស្រាយបញ្ហាជូនពួកគាត់ឲ្យបានទាន់ពេលវេលាផងដែរ ៕ ដោយ ៖ ហេង សូរិយា