ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ដៃ និងម្នាក់ទៀតរងរបួសបាក់ជើង បន្ទាប់ពីពួកគេជិះមូ៉តូ២គ្រឿងបុកគ្នា ពេញទំហឹង នៅលើកំណាត់ផ្លូវQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មូ៉តូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១១ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-1921 បើកបរដោយឈ្មោះ ភឿន ស្រស់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ មានស្រុកកំណើត នៅស្រុក គងពិសី ខេត្តកំពង់ស្ពឺ រងរបួសបាក់ដៃស្តាំ ។ ចំណែកមូ៉តូមួយគ្រឿងទៀតម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-1224 បើកបរដោយយុវជន ឈ្មោះ ឃុន ពេជ្រ អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រងរបួសបាក់ជើងស្តាំ ។
បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍បាបឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ខាងមូ៉តូ សេរី២០១១ ឡើងតែម២០១៥ ធ្វើដំណើរតាមផ្លូវQMI ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ វ៉ាជែងមូ៉តូផ្សេងខាងមុខជ្រុលទៅបុកជាមួយមូ៉តូ សេរី២០១៤ របស់យុវជនរងគ្រោះដែលជិះពីជើងទៅត្បូងច្រាសទិសគ្នា បណ្តាលឲ្យដួលរងរបួសធ្ងន់សងខាង ។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកឯមូ៉តូទាំង២គ្រឿងត្រូវបាននគរបាលជំនាញ វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន នញរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ ដោយ ៖ សុខាសែនជ័យ