ខ្សឹបដាក់ត្រចៀក៖ មេកន្ទុយលេខនៅស្រុកព្រៃឈរកំពុងកាក់កប

ចែករំលែក៖

មេកន្ទុយលេខបើកអាជីវកម្មខុសច្បាប់នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនោះ គឺរហូតមកដល់ពេលនេះអធិការនគរបាលស្រុកព្រៃឈរ ក៏ដូចជាស្នងការនគរបាលខេត្តកំពង់ចាម មិនចាត់វិធានការបង្ក្រាបឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ អំពាវនាវឲ្យស្នងការនគរបាលខេត្តកំពង់ចាមថ្មី ពិនិត្យមើលភាពអសកម្មរបស់អធិការនគរបាលស្រុកព្រៃឈរ ជាបន្ទាន់ ។

សេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅជុំវិញផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានឲ្យដឹងថា មេល្បែងកន្ទុយលេខឈ្មោះ ហេង ហួរ ដែលជាថៅកែទឹកសុទ្ធផងនោះ មានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងខេត្តកំពង់ចាម ទើបអាចបើកល្បែងស៊ីសងខុសច្បាប់ ដោយគ្មានសមត្ថកិច្ចណាប៉ះពាល់។ មេកន្ទុយលេខឈ្មោះ ហេង ហួរ បានពង្រាយកូនកញ្ច្រែងជាច្រើនកន្លែងនៅផ្សារព្រៃទទឹង ហើយរាលដាលរហូតដល់ស្រុកកងមាសទៀតផង តែមិនឃើញមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបទេ។ ផ្ដើមចេញពីល្បែងកន្ទុយលេខដែលឈ្មោះ ហេង ហួរ បើកលេងយ៉ាងពេញបន្ទុកនោះហើយ ទើបបទល្មើសផ្សេងៗដូចជា អំពើចោរកម្មជាដើម កើតឡើងយ៉ាងពេញបន្ទុកនៅក្នុងស្រុកព្រៃឈរ និងស្រុកកងមាស។

ប្រជាពលរដ្ឋសង្ស័យថា មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជាសមត្ថកិច្ចនគរបាលថ្នាក់ឃុំ ថ្នាក់ស្រុក ទទួលបានផលប្រយោជន៍ជាប្រចាំទើបបណ្ដោយឲ្យមេកន្ទុយលេខឈ្មោះ ហេង ហួរ ពង្រីកអាជីវកម្មខុសច្បាប់របស់ខ្លួនកាន់តែខ្លាំងក្លានៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ហើយបន្តរាលដាលដល់ស្រុកកងមាស។ ការដែលមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចស្រុកព្រៃឈរ បណ្ដោយឲ្យឈ្មោះ ហេង ហួរ បើកល្បែងកន្ទុយលេខយ៉ាងអនាធិបតេយ្យ គឺជាការបំពានលើគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ហើយស្នងការនគរបាលខេត្តកំពង់ចាម និងអភិបាលខេត្តកំពង់ចាម ក៏មានចំណែកទទួលខុសត្រូវផងដែរ ៕

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print