ភ្នំពេញ៖ បុរស២នាក់និងស្ត្រីម្នាក់ជាប់ពាក់ព័ន្ធទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌសែនសុខធ្វើការឃាត់ ខ្លួន កាលពីល្ងាចម៉ោង៦និង២០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅបន្ទប់ជួលលេខ១៣ ក្រុម១ ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យទី១ឈ្មោះលាង តារ៉ា ភេទប្រុសអាយុ ២៩ ឆ្នាំមុខរបរ ទិញលក់ ម៉ូតូស្នាក់នៅបន្ទប់ជួលលេខ១៣ក្រុម១ភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ទី២ ឈ្មោះ សារី រតនា ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរបុគ្គលិកអង្គការស្នាក់នៅភូមិត្រពាំងចិកសារ ឃុំកំពង់ឆ្នាំ ស្រុកកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំ និងទី៣ឈ្មោះសារី ណារិន ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិត្រពាំងចិកសារឃុំកំពង់ឆ្នាំស្រុកកំពង់ឆ្នាំខេត្តកំពង់ឆ្នាំ ។
សមត្ថកិច្ចបានអោយដឹងថា មុនឈានដល់ការចុះទៅបង្ក្រាបទីតាំងខាងលើនេះ គឺបន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញចាប់បានចោរប្លន់ម្នាក់ហើយជនសង្ស័យបានសារភាពថាម៉ូតូដែលប្លន់បានយកមកលក់អោយ ឈ្មោះលាង តារ៉ា នេះទើបកម្លាំងនាំជនសង្ស័យមកចង្អុលដល់ទីតាំង ខាង លើនេះនិងឃាត់ខ្លួនបានមនុស្សពីរនាក់និងស្ត្រីម្នាក់។ សមត្ថកិច្ចឆែកឆេរទីតាំងខាងលើរកឃើញមានម៉ូតូចំនួន៤គ្រឿងទី១ម៉ូតូឃ្លីក ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1AE-9855ម៉ូតូ ទី២ម៉ាកវីវ៉ាពណ៌ក្រហមស្លាកលេខភ្នំពេញ1O- 2277ម៉ូតូ ទី៣ម៉ាកអាយខុនពណ៌ត្រួយចេកពាក់ស្លាកលេខភ្នំពេញ1BG-3182និងម៉ូតូទី៤ម៉ាក Dream សង់សេ១២៥ពណ៌ខ្មៅសេរី២០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំ1E-8498ព្រមទាំងដកហូតស្លាកលេខម៉ូតូចំនួន៥គ្រឿងបន្លាស់ម៉ូតូមួយចំនួនធំ។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ
ទាំងបីនាក់ និងវត្ថុតាងយកទៅសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញសិន ៕