សាលារៀនបីនៅខេត្តកំពង់ឆ្នាំងទទួលបានការដាំកូនឈើចំនួន៥០០ដើមពី ព្រូដិនសល

ចែករំលែក៖

កំពង់ឆ្នាំ៖ ដើម្បីជួយបរិស្ថាន និងទប់ស្កាត់គ្រោះមហន្តរាយអង្គការ Save the Children បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានស្ម័គ្រចិត្តធ្វើដំណើរទៅខេត្តកំពង់ឆ្នាំងដើម្បីដាំដើមឈើចំនួន ៥០០ដើម នៅសាលាក្នុងមូលដ្ឋានចំនួនបី សំដៅលើកស្ទួយបរិស្ថានបៃតង និងចូលរួមចំណែកការពារគ្រោះមហន្តរាយធម្មជាតិ តាមរយៈការដាំដើមឈើយ៉ាងត្រឹមត្រូវ ។
សាលាបឋមសិក្សាចំនួនបីក្នុងខេត្តកំពង់ឆ្នាំង គឺសាលាបឋមសិក្សាឈូកមាស សាលាបឋមសិក្សាត្រពាំងជ្រុំ និងសាលាបឋមសិក្សាជួបមាស ។ នៅសាលាទាំងនោះ អ្នកស្ម័គ្រចិត្តដែលជាបុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានឆ្លៀតឱកាសបណ្តុះបណ្តាលកុមារអំពីចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងការបង្ការគ្រោះធម្មជាតិ ក៏ដូចជាបច្ចេកទេសសម្រាប់ការពារខ្លួនក្នុងករណីគ្រោះមហន្តរាយ ដូចជា អគ្គិភ័យ និងទឹកជំនន់ ជាដើម ។ព្រឹត្តិការណ៍ដ៏ធំនេះ គឺជាសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ថ្មីមួយទៀតពី ព្រូដិនសលកម្ពុជា ដែលចូលរួមចំណែកកែលម្អសហគមន៍ក្នុងតំបន់ លើកនេះតាមរយៈការលើកស្ទួយបរិស្ថាន និងបណ្តុះវប្បធម៌ស្រឡាញ់បរិស្ថានក្នុងចំណោមសមាជិកសហគមន៍ ជាពិសេសកុមារា-កុមារីនៅតាមសាលារៀន ។
លោក ឈឿង គីរីរ័ត្ន ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត នៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា “ថ្ងៃនេះ ខ្ញុំបានចូលរួមជាមួយនឹងសហការីរបស់យើងមកពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលរួមមានបុគ្គលិករបស់ក្រុមហ៊ុន និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ដែលមានចំនួនជាងរាប់សិបនាក់ ហើយយើងបានចូលរួមក្នុងកម្មវិធីដាំដើមឈើ ដោយយើងបានយកកូនឈើល្អៗចំនួន ៥០០ដើម មកដាំនៅតាមសាលាចំនួនបីនៅក្នុងខេត្តកំពង់ឆ្នាំងនេះ ។ ហើយកម្មវិធីនេះធ្វើឡើងក្រោមការសហការជាមួយនឹងអង្គការ Save the Children ។ គោលបំណងនៃកម្មវិធីមានពីរចំណុចសំខាន់ៗគឺ ទីមួយ ជាការរួមចំណែកក្នុងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ដែលបាននឹងកំពុងព្យាយាមការពារបរិស្ថាន និងបង្កើតភាពធន់ចំពោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ។ ហើយចំណុចទីពីរនោះគឺ កម្មវិធីនេះជាការរួមចំណែកពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា ស្របតាមគោលការណ៍ដែលយើងនិយាយថា ‘Doing Well by Doing Good’ បានន័យថា យើងធ្វើប្រតិបត្តិការល្អ ជោគជ័យ ហើយយើងផ្តល់ត្រឡប់ទៅអោយសហគមន៍វិញដែរ ។”
ក្រុមការងារក៏បានចែកផ្ទាំងរូបភាពអំពីការទប់ស្កាត់ និងវិធានការឆ្លើយតបក្នុងករណីគ្រោះមហន្តរាយ ទៅដល់សមាជិកសហគមន៍ និងតំណាងសាលា ដើម្បីពួកគាត់អាចមានចំណេះដឹង និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងករណីមានគ្រោះបន្ទាន់ណាមួយ ក៏ដូចជាបណ្តុះគំនិតទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិជាមុន តាមរយៈសកម្មភាពដាំដើមឈើ ជាដើម ។

លោក ថាយ វីរ៉េត ជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ម្នាក់ដែលបានស្ម័គ្រចិត្ដចូលរួមក្នុងកម្មវិធីដាំដើមឈើនេះ បាននិយាយថា “ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែន ថ្វីត្បិតតែរាងហត់បន្តិច ប៉ុន្តែសប្បាយចិត្តដែលបានមកចូលរួមក្នុងការដាំកូនឈើ ដើម្បីអោយបរិស្ថានរបស់យើងកាន់តែល្អប្រសើរទៅថ្ងៃមុខ ។ ជាសារបន្ថែមខ្លីមួយ ខ្ញុំសូមសំណូមពរអោយយុវជន ក៏ដូចជាយើងទាំងអស់គ្នាចូលរួមដាំកូនឈើទាំងអស់គ្នា ដើម្បីធ្វើឲ្យបរិស្ថានរបស់យើងល្អប្រសើរទៅថ្ងៃមុខទាំងអស់គ្នា និងដើម្បីសង្គមជាតិរបស់យើងទាំងអស់គ្នា “៕ វឌ្ឍនា

...

img_7546 img_7547 img_7548

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print