ភ្នំពេញ៖ តារាចម្រៀងចិត្តធម៌លោក សន វិជ្ជបុត្រ និងសិល្បករមួយចំនួនទៀតបានរួមគ្នាចែកទានជាផលិតផល និងកសិផលជូនដល់ ជនពិការច្រៀងតាមស្ដុប ក៏ដូចជាតាមផ្សារប្រមាណ១០០នាក់នៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីប្រគល់ជូននេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណវត្តនាគវ័ន្ត ក្រោមវត្តមានព្រះសង្ឃ សិល្បករមួយចំនួនចូលរួម។
អំណោយទាំងនោះមានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែ ក្រមា អាវ យឺត ជាដើមដែលសុទ្ធសឹងជាផលិតផលផលិតក្នុងស្រុក ។អំណោយអស់ខាងលើ មួយចំណែកជារបស់លោកផ្ទាល់ និងមួយចំណែកធំជាការចូលរួមរបស់អ្នកនាង ថាច់ ផល្លា អតីតតារាសម្ដែងបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក ព្រមទាំងសិល្បករ សិល្បការិនីជាច្រើនទៀត ។
លោក សន វិជ្ជបុត្រ បានឲ្យដឹងថា ជនពិការទាំង១០០នាក់នេះ ត្រូវបានក្រុមការងាររបស់លោកប្រមូលមកពីតាមស្ដុបទាំងអស់ក្នុងរាជធានីភ្នំពេញ មានទាំងអស់១៦ក្រុម។ ការប្រមូលពួកគាត់មកទទួលអំណោយនេះព្រោះតែមើលឃើញជនពិការច្រៀងនៅតាមភ្លើងស្ដុប មានជីវភាពក្រីក្រលំបាកខ្លាំងពេក បានធ្វើឲ្យលោកមានចិត្តអាណិតចង់ជួយ ហើយគម្រោងនៃការជួយនេះតាំងពីជាង១ឆ្នាំមុន ។ លោកបញ្ជាក់ដែរថា ការទិញកសិផល ផលិតផលខ្មែរមកចែកជូនពួកគាត់ក៏បង្ហាញពីការគាំទ្រលើកស្ទួយកិសផល ផលិតផលខ្មែរ ហើយក៏ដូចជាបានចូលរួមចំណែកជួយបង្កើតការងារដល់ប្រជាជនខ្មែរផងដែរ។
លោកថា ការចំណាយលើការចែកអំណោយខាងលើ ម្ចាស់បទ “គេស្រលាញ់អូនគ្រាន់តែចង់ឡូយឆាយ” បានប្រាប់ថា សរុបជាទឹកប្រាក់ប្រហែលជាជាង ២ពាន់ដុល្លារអាមេរិក។ លោកថា បើទោះបីជាអ្វីដែលលោកបានប្រគល់ជូនដល់ពួកគាត់នៅពេលនេះមិនច្រើនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់ពួកគាត់មែន ប៉ុន្តែនេះគឺជាទឹកចិត្តបរិសុទ្ធរបស់លោកតែប៉ុណ្ណោះ។
នេះមិនមែនជាលើកទី១ឡើយ ដែលតារាចម្រៀង លោក សន វិជ្ជបុត្រ ធ្វើអំពើសប្បុរសធម៌បែបនេះ កន្លងលោកធ្លាប់ធ្វើផ្ទះឲ្យជនក្រីក្រចាស់ជរា បុកអណ្ដូង ក៏ដូចជាចែកអំណោយអ្នកសិល្បៈក្រីក្រជាច្រើនអ្នកទៀត ដោយអំណោយទាំងនោះ មួយចំនួនធំបានមកពីសប្បុរសជនខ្មែរនៅក្រៅប្រទេស។
តារាចម្រៀងដើមកំណើតមកពីស្រុក បាភ្នំ ខេត្ត ព្រៃវែងរូបនេះ បានបញ្ជាក់ថា សកម្មភាពដែលខ្លួនកំពុងធ្វើអំពើសប្បុរសធម៌កន្លងមកនេះ មិនមែនជាការចង់បានប្រជាប្រិយភាព ឬពាក់ព័ន្ធរឿងនយោបាយអ្វីឡើយ គឺជាកើតចេញពីទឹកចិត្តផ្ទាល់តែម្ដង។ លោកថា ខ្លួននឹងបន្តសកម្មភាពសប្បុរសធម៌នេះបន្តទៀត ជាមួយគ្នាប្រសិនបើមានសប្បុរសជនផ្សេងទៀតចង់ចូលរួមជាមួយលោកបាន ខ្លួនស្វាគមន៍ជានិច្ច៕
ដោយ៖ វឌ្ឍនា