ពលរដ្ឋស្រុកស្អាងនិងកៀនស្វាយ រិះគន់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តយឺតយ៉ាវជួសជុលផ្លូវជាតិលេខ១១០ដែលកំពុងរងការខូចខាត

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅស្រុកស្អាង និង ស្រុកកៀនស្វាយ បាននាំគ្នានិយាយរិះគន់ទៅលើមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្រោមការដឹកនាំដោយលោក ម៉ឹង យូរឡេង ថា មានការយឺតយ៉ាវក្នុងការជួសជុលផ្លូវជាតិលេខ១១០ត្រើយខាងកើតដងទន្លេបាសាក់ ខណៈដែលផ្លូវជាតិមួយខ្សែនេះកំពុងទទួលរងការខូចខាតស្ទើរតែធ្វើចរាចរណ៍លែងកើតទៅហើយនោះ ដោយនៅរដូវវស្សាទឹកដក់នៅលើផ្លូវជាតិដូចបឹង រីឯខែប្រាំងវិញហុយទ្រលោមមើលផ្លូវមិនចង់ឃើញ ។

ផ្លូវជាតិលេខ១១០នេះទទួលរងការខូចខាត ដោយកន្លែងអស់រយៈពេលប្រមាណ២ឆ្នាំមកហើយ ពុំឃើញវត្តមានមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលចុះមកធ្វើការជួសជុលឲ្យបានត្រឹមត្រូវតាមស្តង់ដារនោះទេ ពោលគឺគ្រាន់តែដាក់គ្រឿងចក្រមកធ្វើការឈូសឆាយលំលំ ក៏ត្រឡប់ទៅវិញអស់ មិនបានអ៊ុតកៅស៊ូឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឲ្យដីហុយទ្រលោមស្ទើរមើលផ្លូវមិនឃើញពេលដែលមានរថយន្តបើកឆ្លងកាត់ម្តងៗ ដោយឡែកប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរផ្លូវនេះ បានទទួលរងផលប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរផងដែរដោយសារដីហុយ  ។ នៅរដូវវស្សាវិញទឹកដក់នៅលើផ្លូវដូចបឹងអញ្ចឹងដែរ ដែលជាហេតុធ្វើឲ្យផ្លូវជាតិមួយខ្សែនេះកាន់តែទទួលរងការខូចខាត ។

ចំណុចដែលខូចខាតខ្លាំងជាងគេនោះគឺនៅក្នុងភូមិសាស្ត្រឃុំឈើទាល ,ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ និងឃុំស្វាយប្រទាល ,ឃុំត្រើយស្លា ស្រុកស្អាង ។ ផ្លូវដែលទទួលរងការខូចខាតមិនមែនតែផ្លូវជាតិលេខ១១០នេះមួយខ្សែទេ គឺមានជាច្រើនខ្សែទៀត ក្នុងក្នុងភូមិសាស្ត្រស្រុក/ក្រុងទាំង១១របស់ខេត្តកណ្តាល ដែលរងការខូចខាត ហើយពុំត្រូវបានជួសជុលពីមន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំដោយលោក ម៉ឹង យូរឡេង ដែលកំពុងស្ពឹកស្រពន់ទៅណាមិនរួចពីកៅអីព្រោះខ្លាចគេដណ្តើមបាត់នោះទេ ។

គួររំឮកថា កាលពីជំនាន់លោក មាស សឿន នៅជាប្រធានមន្ទីរ ផ្លូវនៅទូទាំងខេត្តកណ្តាលពុំសូវរងការខូចខាតធ្ងន់ធ្ងរនោះទេ ដោយសារតែអតីតប្រធានមន្ទីររូបនេះគាត់មានភាពរហ័សរហួន ឧស្សាហ៍ចុះត្រួតពិនិត្យស្ថានភាពផ្លូវ មិននៅអង្គុយចាំកៅអីដូចលោកប្រធានមន្ទីរបច្ចុប្បន្ននេះទេ ។ ពេលផ្លូវទទួលរងការខូចខាតលោក មាស សឿន អតីតប្រធានមន្ទីរតែងតែចាត់តាំងឲ្យមន្ត្រីជំនាញចុះទៅធ្វើការជួសជុលជាបន្ទាន់ ដើម្បីកុំឲ្យផ្លូវកាន់តែខូចខាតធ្ងន់ធ្ងរ។ មកដល់ជំនាន់លោក ម៉ឹង យូរឡេង វិញត្រូវខូចខាតបន្តិចបន្តួចមិនជួសជុលនោះទេ គឺទុកឲ្យជង្ហុកស្ទើរលិចឡានបាត់ មិនចុះមកមើលទៀត បើនិយាយឲ្យចំគាត់មិនខ្វល់ពីផ្លូវខូចនោះទេ អ្វីដែលគាត់ខ្វល់នោះគឺខ្លាចគេដណ្តើមកៅអីបាត់ ។

ប្រជាពលរដ្ឋស្រុកស្អាង និងស្រុកកៀនស្វាយ ស្នើរសុំដល់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាពិនិត្យមើលលើភាពយឺតយ៉ាវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ក្រោមការដឹកនាំដោយលោក ម៉ឹង យូរឡេង នេះផង ព្រោះថាផ្លូវជាតិលេខ១១០ខូចអស់រយៈពេលជាយូរឆ្នាំមកហើយ មិនមានការជួសជុលតាមស្តង់ដារនោះទេ គឺធ្វើលំលំឲ្យរួចតែពីដៃ៕

keansvay-5 keansvay-4 keansvay-3 keansvay-2 keansvay-1

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print