សម្តេចតេជោ៖ ថ្ងៃនេះខ្ញុំសប្បាយរីករាយ បានមកសម្ពោធរោងចក្រភេសជ្ជៈកូកាកូឡា ដែលវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតិភាពសម្ពោធ រោងចក្រក្រុមហ៊ុន កូកាកូឡាថ្មី ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

នេះបើយោងតាមFacebook Page របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា៖ «ថ្ងៃនេះខ្ញុំសប្បាយរីករាយ ដែលបានមកសម្ពោធរោងចក្រភេសជ្ជៈកូកាកូឡា ដែលបានវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយពេលនេះបានបង្កើនទំហំសង្វាក់ផលិតកម្មដោយបានវិនិយោគបន្ថែម ១០០ លានដុល្លារទៀត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋយើងជាង ៨១៧ នាក់។ នេះក៏ជាមោទនៈកម្ពុជា ដែលក្រុមហ៊ុនកូកាកូឡាបានដាក់អក្សរខ្មែរលើកំប៉ុងភេសជ្ជៈ។ កូកាកូឡាកម្ពុជា មិនត្រឹមតែបម្រើសេចក្តីត្រូវការក្នុងប្រទេសទេ ប៉ុន្តែក៏អាចនាំចេញទៅបណ្តាប្រទេសអាស៊ានបានទៀតផង។ ទន្ទឹមនឹងផលិតភេសជ្ជៈ ក្រុមហ៊ុនបានរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្ស និងចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅកម្ពុជា»។

«កម្ពុជាមានសក្តានុពល និងនយោបាយមិនរើសអើង ដែលកំពុងទាក់ទាញវិនិយោគទុនបរទេស។ ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានមកសម្ពោធរោងចក្រកូកាកូឡា ទន្ទឹមនឹងដំណឹងកីឡាករប៉ាតង់កម្ពុជាទទួលបានមេដាយមាសពិភពលោក ហើយរូបខ្ញុំក៏បានចៅស្រីទី ១៨ម្នាក់ទៀតផងដែរ»។

«ខ្ញុំសូមអំពាវនាវទៅកាន់ម្ចាស់ផ្ទះជួលកម្មករ សូមកុំតម្លើងថ្លៃជួលលឿនពេក ដែលបង្កការលំបាកដល់ជីវភាពកម្មករ។ អាជ្ញាធរ ពាក់ព័ន្ឋនានាត្រូវធ្វើការជាមួយម្ចាស់ផ្ទះជួលកុំអោយតម្លើងតម្លៃ នឹងបន្តជួយតម្លើងប្រព័ន្ឋទឹកភ្លើងក្នុងតម្លៃទាបសមរម្យដល់កម្មករ។ សូមក្មួយៗកម្មករកម្មការនីចូលរួមថែរក្សាបរិយាកាសការងារអោយបានល្អ ហើយបើមានកិច្ចការអ្វីគឺត្រូវតែពិភាក្សាដោះ ស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុន»។

«នៅថ្ងៃនេះ ខ្ញុំសូមចូលរួមមរណៈទុក្ខ និងសោកស្តាយយ៉ាងខ្លាំងចំពោះ កីឡាករប្រេស៊ីលទាំងអស់ដែលបានទទួលមរៈភាពនៅក្នុងឧប្បទ្ទេវហេតុធ្លាក់យន្តហោះកាលពីពេលថ្មីៗនេះក្នុងពេលទៅ ចូលរួមប្រកួតនៅប្រទេសកូឡុមប៊ី»។

«ខ្ញុំសូមអបអរសាទរ និងជូនពរចំពោះក្រុមហ៊ុនកូកាកូឡាបានទទួលជោគជ័យ ដើម្បីចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា»៕

spm1 spm10 spm13 spm12 spm9 spm15 spm14 spm3 spm5 spm7 spm6 spm4 spm2

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print