ភ្នំពេញ៖ ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាត្លុង កម្ពុជាហាក់មានក្តីរំពឹងទុកកាន់តែខ្ពស់ក្រោយពីកីឡាករកីឡាការិនីរបស់ខ្លួនឈ្នះមេដាយចំនួន៥គ្រឿងពីព្រឹត្តិការណ៍ប្រកួតTriathlon International Championship 2016 នៅប្រទេសថៃហើយបានត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ។ ការរំពឹងទុករបស់ថ្នាក់ដឹកនាំកីឡាទ្រីយ៉ាងត្លុងកម្ពុជាខាងលើធ្វើឡើង បន្ទាប់ពីបានឮព័ត៌មានខ្លះពីថ្នាក់ដឹកនាំ កីឡាថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧ នេះក្រសួងនឹងដាក់បេក្ខភាពកីឡាខ្លះដែលពុំធ្លាប់ដណ្តើមបានមេដាយពីព្រឹត្តិការណ៍ថ្នាក់តំបន់ខាងលើ ក្នុងនោះកីឡាទ្រីយ៉ាត្លុងកម្ពុជាក៏ពុំធ្លាប់បានឈ្នះមេដាយស៊ីហ្គេមដែរ ប៉ុន្តែពួកគេពេលនេះហាក់កំពុងមាន កម្រិតបច្ចេកឡើងខ្លាំងឡើងហើយជាក់ស្តែងពួកគេបានទាំងឈ្នះមេដាយអន្តរជាតិទៀតផង។ ជោគជ័យចុងក្រោយនេះថ្នាក់ដឹកនាំកីឡាទ្រីយ៉ាងត្លុងរំពឹងថា ថ្នាក់ដឹក នាំក្រសួងអប់រំយុវជន និងកីឡានឹងរក្សាក្រុមខ្លួនក្នុងបញ្ជីស៊ីហ្គេមដដែលដើម្បីលើកទឹកចិត្តកីឡាករកីឡាការិនីដែលកំពុងខិតខំហ្វឹកហាត់នាបច្ចុប្បន្ននេះ ព្រោះប្រភេទកីឡានេះ ពិបាករកកីឡាករកីឡាការិនីដែលមានចិត្តអំណត់ខ្លាំងណាស់ ។
លោកងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាធ្លាប់បានថ្លែងថា ព្រឹត្តិការណ៍ Triathlon International Championship 2016 ភាគីថៃតែងតែរៀបចំជារៀងរាល់ឆ្នាំដែលមានលក្ខណៈក្នុងស្ដង់ដារកម្រិតតំបន់ហើយកម្ពុជាធ្លាប់ទទួលបានមេដាយសំរឹទ្ធិ១គ្រឿងម្ដងរួចមកហើយកាលពីឆ្នាំ២០១៥លើវិញ្ញាសាអាយុ២៩ឆ្នាំឡើង។
លោកបានបន្តទៀតថា ទ្រីយ៉ាត្លុងគឺជាកីឡាមួយដែលមានលក្ខណៈពិបាកក្នុងការ ប្រកួតដែលទាមទារឲ្យអត្តពលិកចូលរួមត្រូវមានសមត្ថភាពពេញលេញទើបអាចប្រកួតបាន គឺត្រូវហែលទឹកចម្ងាយ១,៥ គីឡូម៉ែត្រ, ជិះកង់៤០គីឡូម៉ែត្រ និងរត់ ចម្ងាយ១០គីឡូម៉ែត្របន្ថែមទៀត។ដោយឡែកឆ្នាំនេះមានប្រទេសចូលរួមចំនួន១១សរុបអត្តពលិកទាំងអស់មានប្រហែល ជាង២០០នាក់ ហើយក្រុមកីឡាករទ្រីយ៉ាត្លុងកម្ពុជាដណ្តើមបានមេដាយចំនួន៥ គ្រឿង ក្នុងនោះមានមេដាយមាស២គ្រឿង រកបានដោយកីឡានាងពេជ្រពិសិដ្ឋិ និង កីឡាករកាំង ធឿន ។ ដោយប្រាក់១គ្រឿងរកបានដោយកីឡាករឆោម ចាន់ថុន និងមេដាយសំរឹទ្ធិ២គ្រឿងទៀតរកបានដោយកីឡាករ ឆោម ចាន់ថា និងសិន ដារ៉ា។
លោកបានបញ្ជាក់ថា តាមរយៈមេដាយ ខាងលើលោកសង្ឃឹមថាក្រសួងអប់រំ យុវ ជន និងកីឡា នឹងពិចារណារក្សាទុកសមាសភាពក្រុមរបស់ខ្លួនក្នុងបញ្ជីឈ្មោះកីឡាចេញទៅប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១៧ខាងមុខនេះ៕
ដោយ៖ សារីម