ភ្នំពេញៈ ជនសង្សយ័ម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿង ប៉ុន្តែមិនបានសម្រេច ព្រោះម្ចាស់ឃើញទាន់ ក៏បានស្រែកឆោឡោ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋព័ទ្ធចាប់បានភ្លាមៗ រួចនាំគ្នាវាយម្នាក់មួយដៃ ម្នាក់មួយជើងទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្លូវឌួងងៀប ភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្រី្តនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថាជនសង្សយ័លួចម៉ូតូដែលប្រជាពលរដ្ឋចាប់ខ្លួនបាននេះមានឈ្មោះ នី ឆុន ហៅតុង អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សាត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួច ម៉ាក Honda C125 ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-5561 គ្រាដែលជនរងគ្រោះសុំមិនបញ្ចេញឈ្មោះចាក់សោទុកនៅមុខបន្ទប់ជួលត្រឹមត្រូវហើយចូលទៅដេក ។
ជនរងគ្រោះបានឲ្យដឹងថា គ្រាដែលរូបគាត់ចូលដេកមិនទាន់លក់ស្រួលបួលផង ស្រាប់ តែជនសង្ស័យខាងលើបានចូលទៅកាច់សោម៉ូតូបម្រុងជិះចេញ ទើបគាត់ឮស្នូរក៏ស្ទុះចេញមក ក្រៅបន្ទប់ឃើញដូច្នេះក៏ស្រែកឆោឡោឲ្យអ្នកជិតខាងជួយចាប់បានួកទៅប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យចាត់ការតាមច្បាប់ ។
បច្ចុប្បន្នជនសង្សយ័ខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ដោយ៖ ប្រាថ្នា