ភ្នំពេញ៖ មិនទាន់បញ្ចប់ការចាក់បញ្ចាំងកើបលុយនៅតាមបណ្តាខេត្តនានាផង ផលិតករខ្សែភាពយន្តល្បីល្បាញរឿង “កំណត់ហេតុនាងនាថ”បានទម្លាយចេញពីចំនួនអ្នកចូលទស្សនា និងប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រចូលទស្សនាខ្សែភាពយន្តនេះ។ ចំនួនអ្នកចូលទស្សនាបានកើនឡើងដល់ចំនួនជាង៧ម៉ឺននាក់ ខណៈដែលប្រាក់ចំណូលពីការលក់សំបុត្រមានចំនួនជិត២៤ម៉ឺនដុល្លារអាមេរិក។
អ្នកស្រីចាន់ណា សុខឃីម ចាងហ្វាងផលិតកម្ម ឥន្ទ្រានិម្មិតលើកឡើងថា ខ្សែភាពយន្តកំណត់ហេតុនាងនាថនៅមិនទាន់បញ្ចប់ការចាក់បញ្ចាំងនៅតាមបណ្តាខេត្តមួយចំនួននៅឡើយ ព្រោះតែមានការសំណូមពរច្រើនពីទស្សនិកជនដែលមិនទាន់បានចូលទស្សនានៅភ្នំពេញ។ អ្នកស្រីបន្តថា រហូតមកដល់ពេលនេះមានចំនួនអ្នកចូលទស្សនាកើនឡើងដល់ជាង៧ម៉ឺននាក់គិតជាទឹកប្រាក់មានប្រមាណជាង២៤ម៉ឺនដុល្លារអាមេរិក។ ចំនួនអ្នកចូលទស្សនាច្រើនជាងគេនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈដែលការបញ្ជាំរយៈពេល២ថ្ងៃនៅបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាមក៏ទទួលបានអ្នកគាំទ្រច្រើនលើសលប់។
អ្នកស្រីលើកឡើងដែរថា ផលិតកម្មមិនទាន់បញ្ចប់ការចេញទៅចាក់បញ្ចាំងជូនអ្នកទស្សនានៅតាមបណ្តាខេត្តនានានៅឡើយ ដែលជាក់ស្តែងនៅថ្ងៃទី១៧ និងទី១៨ខែធ្នូនេះ ខ្សែភាពយន្តនេះនឹងទៅដល់ទឹកដីខេត្តបន្ទាយមានជ័យមុនពេលចេញទៅចាក់បញ្ចាំងនៅខេត្តមួយចំនួនទៀត។ អ្នកស្រីរំពឹងដែរថា ខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ”នឹងនៅតែបន្តទទួលបានការគាំទ្រពីទស្សនិកជននៅតាមបណ្តាខេត្តនានាក៏ដូចជាការជួយលើកទឹកចិត្តដល់ផលិតករខ្មែរដែលខិតខំប្រឹងប្រែងផលិតខ្សែភាពយន្តដ៏មានគុណភាពបន្តទៀត។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង”កំណត់ហេតុនាងនាថ”បានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៤ខែវិច្ឆិកាជាមួយនឹងការគាំទ្រខ្លាំងពីទស្សនិកជនរហូតរុញឲ្យខ្សែភាពយន្តនេះទទួលបានចំណាត់ថ្នាក់លេខ១ពីរសប្តាហ៍ជាប់គ្នានៅក្នុងរោងភាពយន្តនៅភ្នំពេញ គឺមានចំនួនអ្នកចូលទស្សនាច្រើនលើសលប់ជាងខ្សែភាពយន្តបរទេសមួយចំនួន។ គេរំពឹងដែរថា ខ្សែភាពយន្តនេះនឹងអាចក្លាយជាខ្សែភាពយន្តដែលអាចស្វែងរកប្រាក់ចំណូលច្រើនជាងគេប្រចាំឆ្នាំ២០១៦នេះ៕
ដោយ៖ វឌ្ឍនា