ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ដម៉ាកហ៊ីយ៉ាន់ដាយសង្កត់លើម៉ូតូហុងឌ្រីម បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ និងស្រាលពីរនាក់ ចំណែកម៉ូតូខូចខាតធ្ងន់ និងរថយន្តខូចខាតស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុចគល់ស្ពានព្រែកក្តាមត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល កាលពីវេលាម៉ោង៧និង ៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3A-0524 បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។ រីឯម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1T-2247 បណ្ដាលអោយរបួសធ្ងន់ម្នាក់(ស្រី) និងម្នាក់ទៀតរបួសស្រាល(ប្រុស) ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A-0524 ដឹកឥដ្ឋ បើកបរក្នុងទិសដៅពី ជើងទៅត្បូង ខណៈកំពុងបើកមកដល់កន្លែងកើតហេតុមានរថយន្តដឹកសិស្សបើកចេញពីផ្លូវលំ ទិសដៅពីត្បូងទៅជើងហើយបត់ឆ្វេងបំរ៉ុងឡើងស្ពាន ។ ឃើញដូច្នេះអ្នកបើករថយន្តហ៊ីយ៉ាន់ ដាយបានបួងចង្កូតគេចអោយផុតពីរថយន្ដដឹកសិស្ស ប៉ុន្តែត្រូវក្រឡាប់សង្កត់លើម៉ូតូ និងមនុស្សដែលឈប់ស្ងៀមនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសឈ្មោះវ៉ាន់ចំរើន ភេទ ប្រុស អាយុ៥២ឆ្នាំ រងរបួសស្រាល ទីលំនៅភូមិ ព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល និងអ្នករួមដំណើរឈ្មោះ រិន រេន ភេទស្រី អាយុ៨០ឆ្នាំ រងរបួសធ្ងន់ ទីលំនៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងនិងស្ទូចយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយគ្នាបន្តនិតិវិធី ៕ ដោយ ៖ ស្អាងជ័យ