ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង និងពិធីករជាច្រើនរូបបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍សម្ពោធខ្សែភាពយន្តរឿង”កំពូលល្ងង់នៅអាស៊ី” ដែលជាស្នាដៃភាពយន្តបែបកំប្លែងដែលជាស្នាដៃដំបូងរបស់ផលិតកម្ម Galaxy។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០១៦ នៅរោងភាពយន្ត Major Cineplex នាផ្សារទំនើបអ៊ីអន។
ព្រឹត្តិការណ៍សម្ពោធទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងមុនពេលខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ ការបង្ហាញឈុតឆាកខ្លីៗ វត្តមានតារាសម្តែងក្នុងខ្សែភាពយន្តខាងលើ ការបង្ហាញវត្តមានក្រុមការងារផលិត និងសម្តែងសមត្ថភាពសិល្បៈត្រូវបានធ្វើឡើងដើម្បីបង្កើនការចាប់អារម្មណ៍ពីមហាជន។ ខណៈដែលខ្សែវីដេអូខ្លី(Trailer)របស់ខ្សែភាពយន្តនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពោលគឺមានអ្នកចូលទស្សនាខ្ទង់លាន់នាក់កាលពីគ្រាកន្លងមក។
តារាសម្តែងនិងកំប្លែង បងប្អូន នាយពែកមី និងនាយគ្រឿន ដែលជាតួអង្គសំខាន់ក្នុងខ្សែភាពយន្តនេះបានលើកឡើងថា សម្រាប់ការងារសម្តែង បែបកំប្លែងមិនផ្តល់ការលំបាកច្រើនសម្រាប់លោកឡើយ។ អ្នកទាំងពីរបញ្ជាក់ស្រដៀងគ្នាថា ភាពយន្តបែបកំប្លែងថ្មីនេះគឺជារសជាតិថ្មីដែលផលិតករ និងសិល្បកររួមគ្នាបង្កើតទស្សនីយភាពមួយបែបទៀតសម្រាប់អ្នកទស្សនា។ ពួកគេរំពឹងដែរថា អ្នកដែលនិយមគាំទ្រខ្សែភាពយន្តបែបកំប្លែងនិងបន្តគាំទ្រខ្សែភាពយន្តថ្មីដែលពួកគេសម្តែងរួមគ្នាជាមួយនឹងសិល្បករដទៃជាច្រើនទៀត។
លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម Galaxy បានបញ្ជាក់ថា លោកពិតជាមានក្តីរំភើបនឹងវត្តមានសិល្បករក្មេងចាស់ប្រុសស្រី ក្នុងឱកាសនេះដែលបានបញ្ជាក់ពីការលើកទឹកចិត្ត និងគាំទ្រស្នាដៃខ្មែរ។ លោកបញ្ជាក់ដែរថា វាគឺជាកម្លាំងចិត្តសម្រាប់លោកនិងក្រុមការងារបន្តការខិតខំប្រឹងប្រែងទៀតសម្រាប់ខ្សែភាពយន្តនិងស្នាដៃសិល្បៈបន្ទាប់ទៀត។ លោកថា ចាប់ពីថ្ងៃទី១៥ធ្នូ តទៅ ខ្សែរឿង«កំពូលល្ងង់នៅអាស៊ី» នឹងត្រូវបានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត។ ក្រៅពីការប្រកាសនេះលោកក៏បង្ហាញពីក្តីរំពឹងក្នុងការទទួលបានអ្នកគាំទ្រច្រើនចូលទស្សនាខ្សែភាពយន្តដែលជាស្នាដៃដំបូងរបស់ផលិតកម្មលោក ព្រោះតែខ្សែភាពយន្តនេះប្រមូលផ្តុំដោយសិល្បករផលិតករដែលមានបទពិសោធន៍និងប្រជាប្រិយភាពខ្ពស់។ លោកថា ទាំងបច្ចេកទេសថត និងខ្លឹមសារសាច់រឿងនេះពិតនឹងធ្វើឲ្យអ្នកទស្សនាទទួលបានភាពសប្បាយរីករាយ កម្សត់ រន្ធត់ជាក់ជាមិនខាន។
សំបុត្រចូលទស្សនាខ្សែភាពយន្តនេះមិនគិតថ្លៃនិងផ្តល់ជូនកម្មកររោចចក្រប្រមាណ២០០នាក់ក៏នឹងត្រូវធ្វើនៅ៦ថ្ងៃក្រោយបន្ទាប់ពី ភាពយន្តនេះបានចាក់បញ្ចាំង ។ ដូចនេះ កម្មកររោចចក្រទាំងអស់ ប្រសិនបើចង់ទៅទស្សនាភាពយន្តនេះ ដោយមិនអស់ប្រាក់ត្រូវទៅទស្សនានៅថ្ងៃ ២១ ខែធ្នូ ឆ្នាំ២០១៦តទៅ។
គួរបញ្ជាក់ដែរថារឿង “កំពូលល្ងង់នៅអាស៊ី” ជាប្រភេទរឿងមនោសញ្ចេតនា បែបកំប្លែងទំនើប ដែលប្រជុំទៅដោយតារាល្បីៗជាច្រើន មានដូចជា នាយ ពែកមី នាយ គ្រឿន នាយកណ្ដុរ លោក ម៉ារ៉ា ប៊ុណ្ណា កញ្ញា រីយ៉ា ជាដើម។ ខ្សែភាពយន្តនេះត្រូវបានចំណាយដើមទុនក្នុងការផលិតប្រមាណ៦ម៉ឺនដុល្លារអាមេរិក។ បទចម្រៀង “កំពូលល្ងង់នៅអាស៊ី” ដែលផលិតកម្មបង្ហោះលើបណ្ដាញសង្គមកន្លងមក មានអ្នកគាំទ្រជាង២លានដងហើយចំពោះTrailer រឿងវិញ មានអ្នកទស្សនារហូតដល់ទៅជិត២លានដងផងដែរ៕
ដោយ៖ វឌ្ឍនា